ក្រុមហ៊ុនឱសថអាមេរិក Moderna កំពុងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារអាយុក្រោម ១២ឆ្នាំ
- BY
- autoadmin
- March 17, 2021
ក្រុមហ៊ុនជីវវិទ្យាសាស្ត្រអាមេរិក Moderna បានប្រកាសថា ខ្លួនបានចាប់ផ្តើមសាកល្បងប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងបង្ការជំងឺ COVID-19 លើកុមារអាយុ ១២ឆ្នាំ ឬតិចជាងនេះ។ Moderna បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ផ្តើមសាកល្បងវ៉ាក់សាំងរបស់ក្រុមហ៊ុន លើកុមារដែលមានអាយុពី ៦ខែ រហូតដល់អាយុ ១២ឆ្នាំ នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដោយនឹងគ្រោងឱ្យមានអ្នកចូលរួមរហូតដល់ ៦,៧៥០ នាក់ នៅក្នុងការសិក្សានេះ។ ជម្រាបដែរផងថា សព្វថ្ងៃវ៉ាក់សាំងរបស់ Moderna កំពុងត្រូវបានប្រើប្រាស់លើមនុស្សអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ខណៈពួកគេក៏កំពុងធ្វើការសិក្សាដាច់ដោយឡែកមួយទៀត នៅលើក្មេងជំទង់អាយុពី ១២ ទៅ ១៧ ឆ្នាំផងដែរ។

ការសាកល្បងគ្លីនិកលើកុមារនេះ បានកើតឡើងចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើងនៅសហរដ្ឋអាមេរិក ដើម្បីឱ្យកុមារតូចៗអាចត្រឡប់ទៅសាលារៀនបន្តការសិក្សាដោយផ្ទាល់វិញបាន ហើយភាពស៊ាំរបស់ក្មេងៗអាចត្រូវបានពង្រឹងឡើង។ ក្នុងការសិក្សានេះផងដែរ Moderna នឹងដាក់ថ្នាំតាមកម្រិតចាប់ពី ២៥ ទៅ ១០០មីក្រូក្រាម ទៅតាមកម្រិតផ្សេងគ្នា ហើយក្នុងជំហានដំបូងពួកគេនឹងដាក់កម្រិតថ្នាំតិចតួច ដើម្បីសិក្សាថាតើរាង្គកាយកុមារទាំងនេះអាចទទួលយកកម្រិតថ្នាំខ្ពស់ដែរឬទេ។ មិនមែនមានតែក្រុមហ៊ុន Moderna មួយនោះទេ សូម្បីក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer ក៏ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមសាកល្បងស្រដៀងគ្នាលើកុមារដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ នៅក្នុងខែមេសាខាងមុខនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ Live Science
- Share This Post:






