អន្តរជាតិ

ក្រុមនិស្សិតនិងពលរដ្ឋមីយ៉ាន់ម៉ារាប់រយនាក់បានប្រមូលផ្ដុំគ្នា ដើម្បីចូលរួមពិធីបុណ្យសពនិស្សិតពេទ្យម្នាក់ ដែលត្រូវបានកម្លាំងសន្ដិសុខបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ

BY
autoadmin
March 17, 2021

មីយ៉ាន់ម៉ា៖ សមាជិកគ្រួសារសពដែលបានស្លាប់នៅក្នុងការធ្វើបាតុកម្មប្រឆាំងនឹងពួកយោធា ក៏ដូចជានិស្សិតពេទ្យជាច្រើននាក់ទៀត បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវកាលពីថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ ដើម្បីចេញមកចូលរួមកាន់ទុក្ខនិស្សិតពេទ្យម្នាក់ឈ្មោះថា Khant Nyar Hein ដែលគាត់ត្រូវបានគេសម្លាប់នៅទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃបង្ហូរឈាមគ្នាដ៏អាក្រក់បំផុតរវាងកម្លាំងសន្ដិសុខនិងអ្នកតវ៉ា ចាប់តាំងរដ្ឋប្រហារកាលពីថ្ងៃទី០១ ដើមខែកុម្ភៈកន្លងទៅ។ វាគឺជាការឈឺចាប់បំផុតសម្រាប់អ្នកតវ៉ា ខណៈដែលសមាជិករបស់ពួកគេត្រូវបានកម្លាំងសន្ដិសុខបាញ់សម្លាប់ជាបន្ដបន្ទាប់។

មិនត្រឹមតែធ្វើការបាញ់ប្រហារទៅលើពលរដ្ឋរបស់ខ្លួនតាមតែអំពើចិត្តមួយមុខទេ នាពេលថ្មីៗនេះពួកយោធាក៏បានចោទប្រកាន់ប្រេសិតពិសេសម្នាក់របស់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី «ពីបទក្បត់ជាតិ» ដោយសារតែគាត់បានជំរុញឱ្យមានចលនាប្រឆាំងរបបយោធា ហើយបន្ថែមថា ទោសរបស់ប្រេសិតម្នាក់នោះអាចឈានដល់ការប្រហារជីវិតទៀតផង។ បើគិតមកទល់ពេលនេះ ពលរដ្ឋនៅមីយ៉ាន់ម៉ាមិនក្រោម ១៨០ នាក់នោះទេ ដែលត្រូវបានគេសម្លាប់យ៉ាងរង្គាល។ ចំណែកលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកជាន់ខ្ពស់របស់គាត់វិញ គឺនៅមិនទាន់ត្រូវបានគេដោះលែងនៅឡើយ ហើយក៏មានសមាជិកខ្លះបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងផងដែរ។

សហគមន៍អន្តរជាតិបានចេញមុខប្រឆាំងនឹងអំពើឃោរឃៅទាំងនេះជាដាច់ខាត ហើយជាក់ស្ដែងប្រទេសបារាំងបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ពួកយោធា ដោយបាននិយាយថា សហភាពអឺរ៉ុបនឹងអនុម័តទណ្ឌកម្មប្រឆាំងនឹងអ្នកដែលនៅពីក្រោយរដ្ឋប្រហារ ហើយនឹងលើកវាយកមកនិយាយនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។ ជម្រាបដែរថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានគឺកាន់តែអាក្រក់ទៅៗ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញទាក់ទង ឬប្រព័ន្ធអ៊ីនធឺណេត ត្រូវបានពួកយោធាបំបិទទាំងអស់ ហើយពួកយោធាផ្ទាល់ក៏មិនធ្វើការអធិប្បាយលើបញ្ហាទាំងនេះវិញដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: