អន្តរជាតិ

ប្រទេសថៃបានបង្រៀនសត្វឆ្កែឱ្យចេះហឺតក្លិនដឹងជំងឺកូវីដ១៩ ពីអ្នកជំងឺដែលមិនចេញរោគសញ្ញា ដើម្បីដាក់ពង្រាយនៅតាមព្រលានយន្តហោះធំៗ

BY
autoadmin
March 18, 2021

យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា មហាវិទ្យាល័យវិទ្យាសាស្ត្រពេទ្យសត្វនៃសាកលវិទ្យាល័យជូឡាឡុងកន បានបណ្ដុះបណ្ដាលសត្វឆ្កែពូជ Labrador Retrievers ចំនួន ៦ក្បាល ឱ្យចេះហឺតដឹងជំងឺ ​COVID-19 ពីអ្នកជំងឺដែលគ្មានរោគសញ្ញា ជាមួយនឹងអត្រាត្រឹមត្រូវ ៩៤.៨% ហើយនៅពេលអនាគត ពួកវានឹងត្រូវដាក់ពង្រាយនៅតាមព្រលានយន្តហោះធំៗមួយចំនួន ដើម្បីចូលរួមតាមដានស្វែងរកករណីជំងឺ COVID-19 ។ សាស្រ្តាចារ្យបណ្ឌិត Kaywalee Chatdarong អនុប្រធានផ្នែកស្រាវជ្រាវ និងបង្កើតថ្មីនៅលើគេហទំព័រ Chula Journal បាននិយាយថា មហាវិទ្យាល័យបានសម្រេចចិត្តបណ្តុះបណ្តាល Labrador Retrievers ដោយសារពួកគេមានភាពរួសរាយរាក់ទាក់ និងពូកែហឺតក្លិន។

បណ្ឌិត Kaywalee ដែលជាប្រធានគម្រោងបាននិយាយថា សត្វឆ្កែគឺពូកែហឺតក្លិនជាងមនុស្ស ៥០ដង ហើយនៅអំឡុងពេលបណ្តុះបណ្ដាល ពួកវាអាចហឺតដឹងពីវត្តមានរបស់ជំងឺ COVID-19 ចេញពីសំណាកអ្នកជំងឺដែលគ្មានរោគសញ្ញា។ លោកបណ្ឌិត Kaywalee សង្ឃឹមថា នឹងបង្វឹកសត្វឆ្កែដើម្បីរកឱ្យឃើញមនុស្សដែលមានជំងឺដទៃទៀត ដូចជាជំងឺទឹកនោមផ្អែម បាក់ទឹកចិត្ត ជំងឺគ្រុនចាញ់ និងជំងឺភ្លេចភ្លាំងជាដើម។ ដំណើរការនៃការបណ្ដុះបណ្ដាលនេះគឺមានសុវត្ថិភាពទាំងសត្វឆ្កែ និងមនុស្ស ដោយក្រុមស្រាវជ្រាវប្រើសំណាកញើសរបស់អ្នកជំងឺ COVID-19 ហើយឱ្យសត្វឆ្កែរៀនហឺតពីចម្ងាយប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: