នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide គ្រោងនឹងបញ្ចប់ស្ថានភាពអាសន្ននៅទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន ៣ នៅថ្ងៃអាទិត្យនេះ
- BY
- autoadmin
- March 18, 2021
ក្រុមប្រឹក្សាពិគ្រោះជំងឺ COVID-19 របស់រដ្ឋាភិបាលជប៉ុនបានឯកភាពគ្នាលើផែនការ ដើម្បីដកស្ថានភាពអាសន្នសម្រាប់តំបន់នៃទីក្រុងតូក្យូ។ ជម្រាបដែរថាស្ថានភាពអាសន្ននេះ ត្រូវបានដាក់ចេញសម្រាប់ទីក្រុងតូក្យូ និងអាណាខេត្តជិតខាងចំនួន ៣ អស់រយៈពេលជាង ២ ខែមកហើយ ខណៈនាយករដ្ឋមន្រ្តីលោក Suga Yoshihide ក៏ចង់បញ្ចប់វាតាមការគ្រោងទុកនៅថ្ងៃអាទិត្យនេះ ដោយមិនមានការពន្យារពេលទៀតនោះទេ។ រដ្ឋាភិបាលជប៉ុនបានមើលឃើញថា ថ្វីបើករណីមិនទាន់ធ្លាក់ចុះដល់តួលេខដែលចង់បាន ប៉ុន្តែនៅតាមមន្ទីរពេទ្យឥឡូវនេះគឺមិនមានសម្ពាធខ្លាំងទៀតឡើយ។

បើទោះជាភាពអាសន្នត្រូវបានដកចេញក៏ដោយ រដ្ឋាភិបាលនឹងបន្តស្នើសុំភោជនីយដ្ឋាន និងរង្គសាល ឱ្យមានការបិទទ្វារពីព្រលប់ ហើយក្រុមហ៊ុននានាត្រូវលើកទឹកចិត្តដល់ការងារពីចម្ងាយ។ ជប៉ុននឹងបើកការសាកល្បងទ្រង់ទ្រាយធំនៅតាមបណ្ដាទីប្រជុំជនបន្ថែមទៀត ដើម្បីតាមរកអ្នកជំងឺ COVID-19 ដែលឆ្លងប៉ុន្តែគ្មានរោគសញ្ញា។ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះផ្ទាល់ រដ្ឋាភិបាលនឹងបង្ហាញផែនការដល់គណៈកម្មាធិការដឹកនាំសភាទាំង ២ ដើម្បីឱ្យពួកគេសួរនូវសំណួរដែលចាំបាច់ ហើយបន្ទាប់ពីនោះរដ្ឋាភិបាលនឹងធ្វើការសម្រេចចិត្តជាផ្លូវការនៅឯកិច្ចប្រជុំក្រុមការងារ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






