លោក វ្ល៉ាឌីមៀ ពូទីន ជូនពរឱ្យប្រធានាធិបតីអាមេរិកមានសុខភាពល្អ បន្ទាប់ពីលោក ចូ បៃដិន បានហៅគាត់ថាជា «ឃាតករ»
- BY
- autoadmin
- March 19, 2021
កាលពីពេលថ្មីៗនេះប្រធានាធិបតីរបស់សហរដ្ឋអាមេរិកគឺលោក ចូ បៃដិន បានហៅមេដឹកនាំរុស្ស៊ីថាជា «ឃាតករ» បន្ទាប់ពីសារព័ត៌មាន ABC News បានសួរគាត់ថា «តើលោកគិតថាមេដឹកនាំរុស្ស៊ីជាឈាតករឬទេ?» ដែលចម្លើយបែបនោះបានធ្វើឱ្យវិមានក្រឺមឡាំងមានការខឹងសម្បារយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទវីដេអូតាមទូរទស្សន៍មួយនៅថ្ងៃព្រហស្បតិ៍ក្រោយនោះបន្ដិច ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឆ្លើយតបទៅវិញថា លោកជូនពរឱ្យលោក ចូ បៃដិន មានសុខភាពល្អ ហើយនេះជាពាក្យពិត មិនមែនឌឺដងទៅវិញនោះទេ។

ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ការពិតទៅគឺលោក ពូទីន កំពុងបង្ហាញការមិនពេញចិត្តចំពោះការលើកឡើងរបស់លោក ចូ បៃដិន ហើយនិយាយបែបនោះដោយសារគាត់ចង់បង្ហាញថា ប្រធានាធិបតីអាមេរិករូបនេះមានបញ្ហាជាមួយនឹងសមត្ថភាពក្នុងការវិនិច្ឆ័យ។ ជម្រាបដែរថា ការចម្លើយរបស់លោក ចូ បៃដិន ទៅកាន់សំណួររបស់សារព័ត៌មាន ABC News បានធ្វើឱ្យវិមានក្រឺមឡាំងមានការខកចិត្តយ៉ាងខ្លាំង ហើយក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួននៅអាមេរិកទាំងអស់ឱ្យត្រឡប់មកវិញភ្លាមៗ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






