រលកកម្តៅមិនធ្លាប់មានក្នុងរយៈពេលជាង ១០០ ឆ្នាំ បានសម្លាប់ប្រជាជនកូរ៉េខាងត្បូងជិត៣០នាក់
កូរ៉េខាងត្បូង៖ បើយោងតាមនាយកដ្ឋានសុខមាលភាព និងគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា គិតមកទល់នឹងពេលនេះមានប្រជាជនកូរ៉េខាងត្បូងចំនួន២៩នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែរលកកម្ដៅកើនឡើងខ្លាំងមិនធ្លាប់មាន។ បើតាមរបាយការណ៍សុខភាពរបស់នាយកដ្ឋានខាងលើបានឲ្យដឹងដែរថា ជនរងគ្រោះទាំង ២៩ នាក់ខាងលើនេះ បានស្លាប់ដោយសារបញ្ហាឈឺក្បាលខ្លាំង ដែលបង្កឡើងដោយសារតែអាកាសធាតុឡើងខ្ពស់ខ្លាំងពេក។
ក្នុងរយៈពេល ១៥ ថ្ងៃចុងក្រោយនេះ សីតុណ្ហភាពនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងខ្ពស់ជាង ៣៥ អង្សាសេ ហើយសម្រាប់កាលពីនៅថ្ងៃពុធវិញ សីតុណ្ហភាពបានកើនឡើងរហូតដល់ ៣៩,៦ អង្សាសេ ដែលរលកកម្ដៅកម្រិតនេះមិនធ្លាប់កើតមានក្នុងប្រទេសកូរ៉េត្បូងនោះទេក្នុងរយៈពេលជាង១០០ឆ្នាំ ចុងក្រោយនេះ។ ពេលនេះរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងតែធ្វើការផ្តោតសំខាន់លើជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រជាពលរដ្ឋខ្លួន ជាពិសេសគឺសម្រាប់ប្រជាកសិករ ដែលនៅតាមសហគមន៍ឆ្ងាយៗពីទីក្រុង៕
អត្ថបទ៖ ភក្តី
ប្រភព៖ CNN