អន្តរជាតិ

ទីភ្នាក់ងារឱសថនៃសហភាពអឺរ៉ុបបានបញ្ជាក់ថា វ៉ាក់សាំងរបស់ AstraZeneca គឺមានសុវត្ថិភាពនិងប្រសិទ្ធភាពជាធម្មតា

BY
autoadmin
March 19, 2021

ទីភ្នាក់ងារត្រួតពិនិត្យឱសថរបស់សហភាពអ៊ឺរ៉ុប (EMA) បានសន្និដ្ឋានថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca គឺមានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់។ ការសន្និដ្ឋាននេះគឺបន្ទាប់ពីក្រុមអ្នកជំនាញរបស់ទីភ្នាក់ងារ បានធ្វើការត្រួតពិនិត្យវ៉ាក់សាំងរបស់ AstraZeneca ឡើងវិញ ទៅតាមរបាយការណ៍មួយចំនួនដែលរាយការណ៍ពីការកកឈាមចំពោះអ្នកដែលបានទទួលវ៉ាក់សាំងរួច។ ជាក់ស្ដែងប្រទេសអាល្លឺម៉ង់ បារាំង និងបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀត គឺបានផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះជាបណ្ដោះអាសន្នអស់ហើយ ដើម្បីជាវិធានការបង្ការទុកជាមុន។

EMA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងនេះមានគុណប្រយោជន៍សម្រាប់ការពារប្រជាជនពីហានិភ័យខ្ពស់ពីជំងឺ COVID-19 ហើយភ្នាក់ងារនេះបានបន្ថែមទៀតថា ពួកគេនៅតែមិនអាចកំណត់ច្បាស់ពីទំនាក់ទំនងរវាងករណីកកឈាមជាមួយនឹងវ៉ាក់សាំងបាននោះទេ ដែលការលើកឡើងនេះក៏ដូចគ្នាជាមួយការលើកឡើងរបស់ WHO មុននេះផងដែរ។ យ៉ាងណាក៏ដោយខ្លួននឹងបង្ហាញការវិភាគបន្ថែមទៀត ដើម្បីបញ្ជាក់ពីតំណភ្ជាប់បុព្វហេតុណាមួយដែលចាំបាច់។ បន្ទាប់ពីសេចក្តីប្រកាសរបស់ EMA ប្រទេសបារាំង និងអ៊ីតាលី បាននិយាយថា ពួកគេនឹងបន្តការលើកទឹកចិត្តអំពីការចាក់វ៉ាក់សាំងនៅដើមថ្ងៃសុក្រនេះឡើងវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: