ប្រទេសនៅអឺរ៉ុបជាច្រើននឹងចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ឡើងវិញ បន្ទាប់ពីមានការអះអាងពី EMA ថាវ៉ាក់សាំងនេះគឺមានប្រសិទ្ធភាពនិងសុវត្ថិភាពជាធម្មតា
- BY
- autoadmin
- March 19, 2021
យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសឈានមុខនៅសហភាពអ៊ឺរ៉ុបជាច្រើននឹងចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford សហការជាមួយក្រុមហ៊ុន AstraZeneca សារជាថ្មីឡើងវិញ បន្ទាប់ពីនិយតករឱសថអឺរ៉ុបបានសន្និដ្ឋានយ៉ាងច្បាស់ថា វ៉ាក់សាំងគឺមានសុវត្ថិភាពនិងមានប្រសិទ្ធភាពជាធម្មតា ដែលជាការឆ្លើយតបនឹងការសង្ស័យពីមុនដែលបាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ AstraZeneca បានធ្វើឱ្យមានបញ្ហាកកឈាម។

ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) បានពិនិត្យឡើងវិញនូវបញ្ហានេះ បន្ទាប់ពីប្រទេសនៅអឺរ៉ុបចំនួន ១៣ បានផ្អាកការប្រើប្រាស់វ៉ាក់សាំង ដោយសារការភ័យខ្លាចពីលទ្ធភាពនៃការផ្សារភ្ជាប់របស់វ៉ាក់សាំងទៅនឹងការកកឈាម។ យ៉ាងណាក៏ដោយ EMA បានរកឃើញថា ថ្នាំនោះមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យនៃការកកឈាម ដែលបានរាយការណ៍កន្លងមកនោះទេ។ ឥឡូវនេះប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្បាញ ក៏បាននិយាយថាពួកគេគិតនឹងបន្តប្រើវ៉ាក់សាំងនេះវិញ។
ក្នុងនោះផងដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានជំរុញឱ្យមានការប្រើប្រាស់វ៉ាក់សាំងរបស់ AstraZeneca ដដែល ដោយបន្ថែមថាវាមានប្រសិទ្ធភាព និងសុវត្ថិភាពច្រើនជាងហានិភ័យ ហើយ WHO ផ្ទាល់ក៏នឹងចេញផ្សាយនូវលទ្ធផលនៃការពិនិត្យឡើងវិញលើវ៉ាក់សាំ ពីក្រុមជំនាញរបស់ខ្លួននៅថ្ងៃសុក្រនេះផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






