នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន នឹងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដូសដំបូងរបស់ក្រុមហ៊ុន AstraZeneca
- BY
- autoadmin
- March 19, 2021
នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នឹងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford សហការជាមួយក្រុមហ៊ុន AstraZeneca ជាលើកដំបូងបំផុត ហើយលោកបានជំរុញសាធារណជនឱ្យចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺនេះទាំងអស់គ្នា។ ការប្រកាសនេះមានឡើងបន្ទាប់ពីទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) បានអះអាងថា វ៉ាក់សាំងរបស់ AstraZeneca គឺមានសុវត្ថិភាពនិងប្រសិទ្ធភាពជាធម្មតា ដែលជាការឆ្លើយតបនឹងរបាយការណ៍ពីមុនដែលថា វាបានធ្វើឱ្យអ្នកដែលចាក់វ៉ាក់សាំងរួចមានបញ្ហាកកឈាម។

នាយករដ្ឋមន្ត្រីវ័យ ៥៦ឆ្នាំរូបនេះ បានជម្រុញឱ្យប្រជាជនចូលរួមចាក់វ៉ាក់សាំង ហើយបាននិយាយថា គម្រោងទាំងអស់នឹងនៅតែបន្ដធ្វើ បើទោះបីមានការធ្លាក់ចុះនៃការផ្គត់ផ្គង់វ៉ាក់សាំងក៏ដោយ។ ថ្លែងប្រាប់សន្និសិទនៅ Downing Street កាលពីថ្ងៃព្រហស្បតិ៍លោក បូរីស ចនសុន បាននិយាយថា៖«ថ្នាំរបស់ AstraZeneca គឺមានសុវត្ថិភាព ប៉ុន្តែអ្វីដែលមិនមានសុវត្ថិភាពគឺឆ្លងជំងឺ COVID-19 ដែលនេះជារឿងសំខាន់ណាស់ ដែលយើងទាំងអស់គ្នាគួរតែទៅចាក់វ៉ាក់សាំងភ្លាមៗនៅពេលដល់វេន»។ រំលឹកដែរថានាយករដ្ឋមន្រ្តីរូបនេះ ក៏ធ្លាប់បានឆ្លងជំងឺ COVID-19 នឹងត្រូវបានបញ្ចូនទៅមន្ទីរពេទ្យកាលពីខែមេសា ឆ្នាំ២០២០ ក្នុងអំឡុងពេលរលកដំបូងនៃជំងឺរាតត្បាតនៅអង់គ្លេស៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






