អន្តរជាតិ

ប្រទេសហ្វីលីពីនបានអនុម័តវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ «Sputnik V» របស់ប្រទេសរុស្ស៊ី សម្រាប់ការប្រើប្រាស់ជាបន្ទាន់

BY
autoadmin
March 19, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Radio Free Europe នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសហ្វីលីពីនបានអនុម័តវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ឈ្មោះថា Sputnik V ដែលត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថាន Gamaleya របស់ប្រទេសរុស្ស៊ី គឺជាវ៉ាក់សាំងទី៤ ដែលទទួលបានការអនុញ្ញាតឱ្យប្រើជាបន្ទាន់នៅក្នុងប្រទេសហ្វីលីពីន ហើយ FDA របស់ប្រទេសនេះជឿជាក់ថា វាមានប្រសិទ្ធភាពនិងសុវត្ថិភាពច្រើនជាហានិភ័យ។

គួរឱ្យដឹងដែរថា ហ្វីលីពីនជាប្រទេសមានករណីជំងឺ COVID-19 ខ្ពស់បំផុតលំដាប់ទី២ និងមានការស្លាប់ច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ ហើយប្រទេសនេះគ្រោងនឹងបញ្ចេញវ៉ាក់សាំងឱ្យបានចំនួន ១៤០.៥ លានដូស នៅត្រឹមខែធ្នូ ឆ្នាំ២០២១។ FDA របស់ប្រទេសនេះក៏ទទួលបានទិន្នន័យរបស់វ៉ាក់សាំង Sputnik V ដើម្បីធ្វើការត្រួតពិនិត្យ ខណៈទិន្នន័យបានសរសេរថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាព ៩១.៦% នៅក្រោយពេលចាក់បានទាំង ២ដូស ចំពោះក្រុមអាយុ ១៨ឆ្នាំ និងចាស់ជាងនេះ។

យ៉ាងណាសម្រាប់នៅសហគមន៍អឺរ៉ុបឯណោះវិញ វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី គឺមិនងាយអាចនឹងទទួលបានការអនុម័តទេ ហើយជាក់ស្ដែងភ្នាក់ងារឱសថនៃសហភាពអឺរ៉ុប (EMA) ក៏បានព្រមានដែរថា វ៉ាក់សាំង Sputnik V គួរតែត្រូវបានអនុម័តនៅពេលដែលភ្នាក់ងារពិនិត្យលើទិន្នន័យរួចរាល់សិន៕

អត្ថបទ៖ លីដា
ប្រភព៖ Radio Free Europe

Share This Post: