អន្តរជាតិ

ភ្នំភ្លើង Fagradalsfjall របស់ប្រទេសអ៉ីស្លង់បានផ្ទុះឡើង ដែលធ្វើឱ្យមានកម្អែភ្នំភ្លើងហូរចេញប្រមាណ ៧០០ម៉ែត្រ

BY
autoadmin
March 20, 2021

ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគនិរតីនៃរដ្ឋធានី Reykjavik របស់ប្រទេសអ៉ីស្លង់ ដែលធ្វើឱ្យមានកម្អែភ្នំភ្លើងហូរប្រវែងប្រហែល ៥០០-៧០០ ម៉ែត្រ នៅភ្នំភ្លើង Fagradalsfjall លើឧបទ្វីប Reykjanes ។ ការផ្ទុះចុងក្រោយរបស់ភ្នំភ្លើងនេះ គឺប្រហែល ៨០០ ឆ្នាំមុន ហើយប្រទេសនេះក៏បានកត់ត្រាការរញ្ជួយដីជាង ៤០,០០០ ក្នុងរយៈពេល ៣ សប្តាហ៍កន្លងមកនេះ។ កាលពីឆ្នាំ២០១០ ការផ្ទុះនៃភ្នំភ្លើងមួយទៀតគឺនៅភ្នំ Eyjafjallajokull បានធ្វើឱ្យចរាចរណ៍ផ្លូវអាកាសត្រូវផ្អាកនៅទូទាំងទ្វីបអឺរ៉ុប។ យ៉ាងណាភ្នំភ្លើងនេះមិនបញ្ចេញផេះ ឬផ្សែងច្រើនទេ ដូច្នេះអាកាសចរណ៍នឹងមិនទទួលរងការរំខានឡើយ។

ការិយាល័យឧតុនិយមអ៊ីស្លង់បាននិយាយថា ភ្នំភ្លើង Fagradalsfjall បានផ្ទុះឡើងនៅម៉ោងប្រមាណ ២០ និង ៤៥នាទី (GMT) ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ហើយក្រោយមកត្រូវបានបញ្ជាក់ពីរូបភាពផ្កាយរណប។ មុនពេលផ្ទុះភ្នំភ្លើងបានប៉ុន្មានម៉ោង ក៏មានការរញ្ជួយដីកម្រិត ៣.១ រ៉ិចទ័រ ត្រូវបានរាយការណ៍ពីតំបន់ភ្នំ Fagradalsfjall  នោះផងដែរ។ តែយ៉ាងណាក៏ដោយពុំទាន់មានរបាយការណ៍ប្រកាសពីការរងរបួស ឬខូចខាតអ្វីនៅឡើយទេ។ គួរឱ្យដឹងដែរថា ប្រទេសអ៊ីស្លង់ងាយនឹងមានគ្រោះធម្មជាតិធំៗដែរ ដោយសារតែស្រទាប់ទាប់​តិចតូនិច (tectonic plates) ទាំង ២ របស់ប្រទេសនេះ គឺអណ្ដែតខុសទិសដៅគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: