ក្រោយត្រូវក្រុមហ៊ុនធំៗបិទគណនីអស់ ឥលូវលោក ដូណាល់ ត្រាំ នឹងចូលប្រឡូកក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមឡើងវិញ ដែលបង្កើតថ្មី ដោយខ្លួនឯង
- BY
- autoadmin
- March 22, 2021
ទីប្រឹក្សាជាន់ខ្ពស់លោក Jason Miller កាលពីថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ បានប្រាប់សារព័ត៌មាន Fox News ថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងចូលប្រឡូកក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមឡើងវិញ ជាមួយនឹងបណ្ដាញសង្គមថ្មីរបស់លោកផ្ទាល់ក្នុងរយៈពេល ២ ឬ ៣ខែ ខាងមុខនេះ។ រំលឹកផងដែរថា ចាប់តាំងពីអ្នកគាំទ្ររបស់លោក បានសម្រុកចូលទៅក្នុងវិមានកាពីតូលកាលពីថ្ងៃទី០៦ ខែមករា ដើមឆ្នាំ២០២១ គណនីបណ្ដាញសង្គមរបស់លោក ដូណាល់ ត្រាំ ដូចជា៖ Twitter Facebook និង បណ្ដាញសង្គមផ្សេងៗទៀត សុទ្ធតែត្រូវបានបិទទាំងអស់។

យ៉ាងណាក៏ដោយលោក Jason Miller មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ហើយភ្លាមៗនោះក៏គ្មានការអត្ថាធិប្បាយណាមួយពីមន្រ្តីអង្គភាពរបស់អតីតលោកប្រធានាធិបតីនោះដែរ។ ជម្រាបដែរថា ចាប់តាំងពីចាកចេញពីសេតវិមានក្រោយពេលចាញ់ឆ្នោតទៅលោក ចូ បៃដិន អតីតប្រធានាធិបតីទី៤៥ លោក ដូណាល់ ត្រាំ បានត្រឡប់ទៅរីសត Mar-a-Lago របស់លោកនៅឯរដ្ឋផ្លរីដា ហើយលោកបានរស់នៅយ៉ាងស្ងាត់ស្ងៀមបំផុត ប៉ុន្តែទីប្រឹក្សាជាន់ខ្ពស់របស់លោកបានបញ្ជាក់ថា លោកមិនបាននៅស្ងៀមនោះទេ គឺលោកបាននិងកំពុងប្រឹងប្រែងធ្វើការងាររបស់លោកបំផុត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






