អាជ្ញាធរខណ្ឌមានជ័យ ចុះណែនាំនារីរូបស្រស់ជាអ្នកលក់បាយឆាពេលយប់ អោយបញ្ឈប់សកម្មភាព បោសសំរាមចូលមាត់លូបង្ហូរទឹកបន្តទៀត !
រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានអំពី សកម្មភាពបោសកាកសំណល់សំរាមសល់ពីការលក់ដូរបាយឆាមីឆានាពេលយប់ ចូលទៅក្នុងមាត់លូបង្ហូរទឹករួចមក នាវេលាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានចុះទៅណែនាំបុគ្គល២នាក់ដែលជាអ្នកប្រព្រឹត្តិ មកធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពមិនល្អនេះទៀត ដែលទីតាំងនេះស្ថិតនៅចំណុចមុខ ផ្ទះពេទ្យធ្មេញចាក់អង្រែ លេីកំណាត់ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

អ្នកលក់បាយឆាមីឆា២នាក់បងប្អូនខាងលើ មានឈ្មោះ លី សារ៉េត ភេទស្រី អាយុ២៧ឆ្នាំ និងម្នាក់ទៀតជាប្អូនបង្កើតមានឈ្មោះ លី មៃឃ័រ ភេទប្រុស អាយុ២៤ឆ្នាំ។ អ្នកទាំង២ស្នាក់នៅផ្ទះជួលមួយកន្លែង ជិតអគ្គិសនីបង់លុយ (សាខាចាក់អង្រែ) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំពោះមុខអាជ្ញាធរខណ្ឌនិងសង្កាត់ បងប្អូនបង្កើតទាំង២នាក់ បានទទួលស្គាល់នូវកំហុសដែលបានប្រព្រឹត្តិ ដោយពួកគេបានបោសសំរាមចូលទៅក្នុងមាត់លូប្រាកដមែន នឹងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ ទៅពេលខាងមុខបន្តទៀតហើយ ប្រសិនបើមានសកម្មភាពនេះនៅលើកក្រោយទៀត ពួកគេសូមទទួលខុសត្រូវចំពោះវិធានការណ៍របស់អាជ្ញាធរ ។
ក្នុងឱកាសនោះលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោកចៅសង្កាត់ ចាក់អង្រែក្រោម ក៏បានធ្វើការអប់រំដល់បុគ្គលទាំង២ អោយពួកគេបញ្ឈប់សកម្មភាពនេះទៀត ព្រោះវាជាគំរូមិនល្អ ជះឥទ្ធិពលអាក្រក់ ដល់បរិស្ថានសង្គមជាតិ ។ លោកអភិបាលរង ក៏បានពន្យល់ណែនាំអោយពួកគេ ត្រូវកែខ្លួនមកជាបុគ្គលត្រឹមត្រូវវិញ ត្រូវចូលរួមចំណែកជាមួយសង្គមជាតិ ក្នុងការចូលរួមថែរក្សាបរិស្ថានអនាម័យ ដោយត្រូវវិចខ្ចប់ទុកដាក់សំរាមដែលសេសសល់ពីការលក់ដូរ និងប្រើប្រាស់ទុកដាក់មួយកន្លែងអោយបានត្រឹមត្រូវ ដើម្បីអាចអោយរថយន្តស៊ិនទ្រីធ្វើការចុះទៅប្រមែប្រមូល ជៀសវៀងការបោះចោលសំរាមពាសវាលពាសកាល ពិសេសនោះ ការបោសសំរាមចូលទៅក្នុងមាត់លូដូចសកម្មភាពរបស់ពួកគេជាដើម ដែលជាហេតុធ្វើអោយប្រព័ន្ធលូបង្ហូរទឹកត្រូវទទួលរងការកកស្ទះមិនអាចហូរទឹកបាន ៕












ដោយ៖ បងម៉េង ខ្មែរណូត