សហភាពអឺរ៉ុបអាចនឹងពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងឱ្យវៀតណាម ដោយសារមើលឃើញពីសក្ដានុពលរបស់ប្រទេសនេះ
- BY
- autoadmin
- March 25, 2021
ឯកអគ្គរាជទូតនៃសហភាពអឺរ៉ុប (EU) ប្រចាំនៅទីក្រុងហាណូយបាននិយាយថា EU អាចនឹងពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅប្រទេសវៀតណាម ដោយបានមើលឃើញពីសក្ដានុពលល្អរបស់ប្រទេសនេះ។ លោក Giorgio Aliberti ឯកអគ្គរដ្ឋទូតប្រចាំនៅវៀតណាមបាននិយាយថា ប្រទេសជាច្រើនកំពុងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាក់ស្ដែងដូចជា វិទ្យាស្ថានវិទ្យាសាស្ត្រ Serum នៃប្រទេសឥណ្ឌា បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន AstraZeneca ដើម្បីផលិតវ៉ាក់សាំង COVID-19 ចំនួន ៧០ លានដូស ក្នុងមួយខែ ដែលនេះគឺជាផលប្រយោជន៍ផង ហើយអាចរួមចំណែកក្នុងការប្រឆាំងនឹងជំងឺ COVID-19 ផង។

ទាក់ទិននឹងបញ្ហារបស់វ៉ាក់សាំ AstraZeneca នាពេលថ្មីៗនេះ ដែលថាវ៉ាក់សាំងធ្វើឱ្យមានបញ្ហាឈាមកក លោក Giorgio Aliberti បានមានប្រសាសន៍ថា គណៈកម្មាធិការវាយតម្លៃហានិភ័យ Pharmacovigilance របស់សហភាពអឺរ៉ុប បានធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីពិនិត្យមើលទិន្នន័យឡើងវិញ ហើយបានសន្និដ្ឋានថា វ៉ាក់សាំគឺមានប្រសិទ្ធភាព និងសុវត្ថិភាពច្រើនជាងហានិភ័យ។ លោកថាយើងគួរតែបន្ដប្រើវាជាធម្មតា ព្រោះថាបញ្ហាឈាមកកនេះជាករណីកម្រខ្លាំងណាស់ ហើយការសន្និដ្ឋាននេះគឺផ្អែកទៅលើភ័ស្ដុតាងវិទ្យាសាស្ត្រ។

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






