ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ហើយ ប៉ុន្តែមិនប្រាប់ថាប្រភេទមួយណានោះទេ
- BY
- autoadmin
- March 25, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ហើយកាលពីថ្ងៃអង្គារ ប៉ុន្តែមិនមានបញ្ចេញជាវីដេអូ ឬរូបថត នៃការចាក់វ៉ាក់សាំងដូសដំបូងរបស់លោក ដើម្បីបង្ហាញជាសាធារណៈនោះទេ។ ក្នុងនោះផងដែរវិមានក្រឹមឡាំងបាននិយាយថា លោកប្រធានាធិបតីពុំមានធ្វើទុក្ខអ្វីច្រើនទេក្រោយពីពេលចាក់វ៉ាក់សាំងរួច ហើយលោកក៏អាចបន្ដកិច្ចការប្រទេសជាតិរបស់លោកជាធម្មតា។

នៅពេលមានការសាកសួរថា ហេតុអ្វីបានជាលោក វ្លាឌីមៀ ពូទីន មិនបង្ហាញជាសារធាណៈថា លោកបានទៅទទួលបានវ៉ាក់សាំងតាមរយៈការបង្ហាញជាវីដេអូ ឬរូបថត ដូចមេដឹកនាំដទៃ?
អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងបាននិយាយថា លោកប្រធានាធិបតីគាត់មិនចូលចិត្តនៅក្រោមកាមេរ៉ានោះទេ ហើយបើទោះជាបែបនេះក្ដី លោក ពូទីន តែងតែគាំទ្រដល់ការចាក់វ៉ាក់សាំងបង្ការ និងជំរុញចិត្តពលរដ្ឋឱ្យធ្វើបែបនេះដូចគ្នា។ យ៉ាងណាក៏ដោយប្រភេទវ៉ាក់សាំងដែលលោក វ្លាឌីមៀ ពូទីន បានចាក់គឺមិនត្រូវបានបង្ហាញនោះទេ គឺអាចដឹងត្រឹមថាជាវ៉ាក់សាំងដែលបានអនុម័តរួចនៅក្នុងប្រទេសរុស្ស៊ី ហើយវ៉ាក់សាំងទាំងនោះមានដូចជា៖ Sputnik V, EpiVacCorona ឬ CoviVac ៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






