ក្រុមហ៊ុនឱសថ AstraZeneca បានខាតប្រាក់ជិត ៣០ ពាន់លានដុល្លារអាមេរិក ដោយសារតែលក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ថោកខ្លាំងពេក
- BY
- autoadmin
- March 26, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា ក្រុមហ៊ុនឱសថអង់គ្លេស-ស៊ុយអ៊ែត Astrazeneca បានខាតបង់ទឹកប្រាក់ប្រមាណ ២១ ពាន់លានផោន ឬស្មើនឹង ២៨ ពាន់លានដុល្លារអាមេរិក នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន ដោយសារខ្លួនបានលក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងតម្លៃធូរថ្លៃខ្លាំងពេក។ គោលជំហររបស់ក្រុមហ៊ុន Astrazeneca គឺមិនយកប្រាក់ចំណេញសម្រាប់ការលក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះទេ ហើយវ៉ាក់សាំងក្នុងមួយដូស គឺមានតម្លៃប្រមាណ ៥ ដុល្លារប៉ុណ្ណោះ។ របាយការណ៍បានចេញឡើងភ្លាមៗ បន្ទាប់ពីសហភាពអឺរ៉ុបបានចោទប្រកាន់ក្រុមហ៊ុននេះថាមានភាព «មិនទៀងត្រង់» ដោយសារតែផលិតកម្មមានភាពយឺតយ៉ាវមិនទាន់កាលកំណត់ ខណៈដែលជំងឺ COVID-19 កំពុងតែហក់ឡើងខ្លាំងសារជាថ្មីនៅប្រទេសជាច្រើន។

បន្ទាប់ពីបានឮពាក្យទាំងនេះរួចហើយនោះ ក្រុមហ៊ុន Astrazeneca មានការស្រងាកចិត្តចំពោះសហភាពអឺរ៉ុបយ៉ាងខ្លាំង ដោយបាននិយាយថា ពួកគេនឹងមិនសម្រេចចិត្តលក់ក្នុងតម្លៃបែបនេះទៀតទេ។ ជាក់ស្ដែងលោក John Rountree ដែលជាអ្នកជំនាញឱសថរបស់ Novasecta បាននិយាយថា ប្រសិនបើក្រុមហ៊ុន Astrazeneca គិតលើផលចំណេញច្រើនជាងសុខភាពសាធារណៈ ហើយលក់ថ្លៃដូចគេដូចឯង ម៉្លេះក្រុមហ៊ុនមិនប្រឈមនឹងភាពយឺតយ៉ាវ ឬខ្វះខាតនោះទេ។
លោកបានបន្ថែមថា ការផលិតវ៉ាក់សាំងគឺមិនងាយស្រួលនោះទេ ហើយបើត្រូវផលិតវាឱ្យលឿនតាមតម្រូវការទៀតនោះគឺកាន់តែពិបាក។ ផលិតកម្មមានភាពរាំងស្ទះគឺជារឿងធម្មតា ប៉ុន្តែគួរឱ្យសោកស្ដាយដែលបញ្ហាទាំងនេះ ត្រូវបានគេទាញចូលក្នុងនយោបាយ ហើយបន្ទោសមកលើ Astrazeneca។ ចំណែក លោក John Bell សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Oxford ដែលបានចូលរួមក្នុងការនាំវ៉ាក់សាំងទៅទីផ្សារក៏បាននិយាយដែរថា Astrazeneca មិនដែលទទួលបាននូវការឱ្យតម្លៃចំពោះភាពសប្បុរសរបស់ខ្លួននោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ Daily Mail
- Share This Post:






