អន្តរជាតិ

ប្រទេសថៃកំពុងស៊ើបអង្កេតលើករណីអ្នកជំងឺរ៉ាំរ៉ៃម្នាក់ ដែលបានស្លាប់ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទោះបីជាមានការអះអាងថាការស្លាប់មិនទាក់ទងនឹងវ៉ាក់សាំងក៏ដោយ

BY
autoadmin
March 27, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រសួងសុខាភិបាលថៃកំពុងស៊ើបអង្កេតលើករណីអ្នកជំងឺប៉ោងសរសៃឈាមក្រហម (abdominal aneurysm) អាយុ៦០ឆ្នាំម្នាក់ ដែលបានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។  គួរឱ្យដឹងដែរថា ជំងឺប៉ោងសរសៃឈាមក្រហម គឺជាការហើមហួសប្រមាណនៃជញ្ជាំងសរសៃឈាមរបស់អ្នកជំងឺ ហើយនេះគឺជាករណីស្លាប់ដំបូងបំផុតចាប់តាំងពីប្រទេសថៃបើកកម្មវិធីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចាប់តាំងពីថ្ងៃ២៨ ខែកុម្ភៈ។

លោកវេជ្ជបណ្ឌិត Sophon Mekthon ប្រធានអនុគណៈកម្មាធិការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺ COVID-19 បានមានប្រសាសន៍ថា៖«ករណីនេះប្រហែលជាមិនទាក់ទងជាមួយនឹងវ៉ាក់សាំងនោះទេ ព្រោះថាអ្នកជំងឺប៉ោងសរសៃឈាមក្រហមអាចធ្វើទុក្ខពីជំងឺរបស់ពួកគេភ្លាមៗ ហើយ​ ២០% ក្នុងចំណោមពួកគេមិនចេញរោគសញ្ញាអ្វី នៅមុនពេលសរសៃឈាមដាច់ធ្លុះធ្លាយទៀតផង» ហើយទើបតែមានពលរដ្ឋ ២នាក់ ប៉ុណ្ណោះដែលធ្វើទុក្ខខ្លាំងក្រោយពេលចាក់វ៉ាក់សាំង ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតទេ។

អ្នកជំនាញសុខភាពរបស់ប្រទេសថៃក៏កំពុងស៊ើបលើករណីមួយផ្សេងទៀត ដែលអ្នកជំងឺបានវិវត្តទៅជាការមាស់ (urticaria) បន្ទាប់ពីទទួលថ្នាំបង្ការផងដែរ។ ករណីរមាស់បែបនេះគឺភាគច្រើនបានកើតឡើងបន្ទាប់ពីប្រតិកម្មជាមួយអាហារ ឬថ្នាំជាដើម ដូច្នេះពួកគេកំពុងព្យាយាមកំណត់ពីអាការពលរដ្ឋក្រោយពេលចាក់វ៉ាក់សាំងរួច៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand, បាងកកប៉ុស្ដិ៍

Share This Post: