អន្តរជាតិ

លោក ចូ បៃដិន បានអញ្ជើញលោក វ្លាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង ឱ្យចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុជាមួយគ្នា

BY
autoadmin
March 27, 2021

ប្រធានាធិបតីអាមេរិកលោក​ ចូ បៃដិន បានអញ្ជើញថ្នាក់ដឹកនាំពិភពលោកចំនួន ៤០រូប ដោយក្នុងនោះក៏មានឈ្មោះលោក វ្លាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ ដែលសហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២២ និង ២៣ ខែមេសា ឆ្នាំ២០២១ ឆាប់ៗនេះ។ គួររំលឹកដែរថា ប៉ុន្មានរយៈមុនលោក បៃដិន ទើបតែបានហៅលោក ពូទីន ថាជាឃាត.ករ ហើយចំណែកលោក ពូទីន ឯណោះវិញក៏ បានឆ្លើយតបជាមួយនឹងការជូនពរឱ្យលោក បៃដិន ឱ្យមានសុខភាពល្អ។

សេចក្តីថ្លែងការណ៍និយាយថា កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើកិច្ចប្រឹងប្រែងក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ដើម្បីកំណត់ការឡើងកម្តៅរបស់ពិភពលោក។ ជាមួយគ្នានេះដែរកិច្ចពិភាក្សានេះនឹងក្លាយជាឱកាសសេដ្ឋកិច្ចមួយនៅក្នុងសកម្មភាពអាកាសធាតុ ដូចជាការបង្កើតការងារ សារៈសំខាន់នៃការធានាឱ្យមានការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចថាមពលស្អាត ផ្តល់ផលប្រយោជន៍ដល់សហគមន៍ និងកម្មករ។ សហរដ្ឋអាមេរិកក៏នឹងប្រកាសទិសដៅនៃការបំភាយឧស្ម័នឆ្នាំ២០៣០ របស់ខ្លួន នៅមុនពេលកិច្ចប្រជុំកំពូលនេះចាប់ផ្ដើមផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: