ខេត្តភូកេតនឹងបើកឱ្យអ្នកទេសចរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចូលមកកម្សាន្តដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ
- BY
- autoadmin
- March 27, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីម្សិលមិញថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃគ្រោងនឹងបើកឱ្យភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ អាចចូលទៅកាន់ខេត្តភូកេតដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ ចាប់ពីថ្ងៃទី០១ ខែកក្កដា។ ដូច្នេះវានឹងធ្វើឱ្យខេត្តភូកេតក្លាយជាគោលដៅទេសចរណ៍នៃប្រទេសថៃដំបូងគេ ដែលនឹងបើកទទួលភ្ញៀវឡើងវិញចាប់តាំងពីជំងឺ COVID-19 បានរារាំងដល់វិស័យទេសចរណ៍តាំងតែពីឆ្នាំមុន។

ការលើកលែងនេះគឺសម្រាប់តែក្នុងខេត្តភូកេតមួយប៉ុណ្ណោះ ខណៈអ្នកដំណើរនៅគោលដៅដទៃទៀតគឺនៅតែត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច។ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នេះទៀតសោធ គឺត្រូវតែចាក់ឱ្យគ្រប់ចំនួនដូសរបស់វ៉ាក់សាំង ទើបអាចទទួលបានការលើកលែង ឬបន្ធូរបន្ថយទាំងនេះបាន។
ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានយល់ព្រមសំណើរបស់វិស័យឯកជននិងក្រុមអាជីវកម្មនៅខេត្តភូកេត ដើម្បីឱ្យមានការចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋនៅទីនោះឱ្យបានយ៉ាងហោចណាស់ ៧០% មុនពេលបើកទ្វារខេត្តទទួលភ្ញៀវទេសចរណ៍ឡើងវិញ។ ការសម្រេចចិត្តនេះក៏នឹងត្រូវប្រកាសជាផ្លូវការ បន្ទាប់ពីវាត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីនាពេលក្រោយ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






