យោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសមកលើតំបន់ព្រំដែន ធ្វើឱ្យពលរដ្ឋប្រមាណ ៣,០០០នាក់ ត្រូវបង្ខំចិត្តរត់ទៅកាន់ប្រទេសថៃ
- BY
- autoadmin
- March 29, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា យោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសមកលើស្រុក Mutraw រដ្ឋ Karen នៅភាគអាគ្នេយ៍របស់ប្រទេស ដែលបណ្ដាលឱ្យពលរដ្ឋចំនួន ៣,០០០ នាក់ ត្រូវបង្ខំចិត្តរត់គេចចេញទៅកាន់ប្រទេសថៃកាលពីថ្ងៃអាទិត្យ។ តាមប្រភពសកម្មជន និងសារព័ត៌មានបាននិយាយថា តំបន់នោះត្រូវបានកាន់កាប់ដោយជនជាតិភាគតិចប្រដាប់ដោយអាវុធ ហើយឥឡូវនេះមានពលរដ្ឋខ្លះបានជម្លៀសខ្លួនចេញទៅប្រទេសថៃ ហើយខ្លះបានទៅលាក់ខ្លួននៅក្នុងព្រៃជាដើម។

ប្រភព Thai PBS បាននិយាយថា ពេលនេះមានពលរដ្ឋមីយ៉ាន់ម៉ាចំនួន ៣,០០០នាក់ បានទៅដល់ខេត្ត Mae Hong Son របស់ប្រទេសថៃរួចហើយ ខណៈខាងអាជ្ញាធរថៃនៅមិនទាន់មានការអធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ។
លោក David Eubank ប្រធានអង្គការ Free Burma Rangers បាននិយាយថា មានទាហាននៅក្នុងតំបន់ចំនួន ២នាក់ បានស្លាប់នៅក្នុងហេតុការណ៍នោះ ហើយនេះគឺជាការវាយប្រហារលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ខណៈដែលសព្វាវុធរបស់យោធាមីយ៉ាន់ម៉ាកាន់តែសាហាវជាងមុន ដោយសារមានជំនួយពីប្រទេសរុស្ស៊ី ចិន និងប្រទេសដទៃទៀត។ ការវាយប្រហារតាមអាកាសនេះគឺធ្វើឡើងនៅអំឡុងពេលអធ្រាត្រនៅថ្ងៃសៅរ៍ ជិតព្រំដែនភូមា-ថៃ នៅតំបន់ដែលកាន់កាប់ដោយជនជាតិភាគតិច ដែលធ្វើឱ្យមានការព្រួយបារម្ភថានឹងអាចមានសង្គ្រាមស៊ីវិលបន្ថែមទៀត៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






