រូបសំណាក់របស់អតីតអ្នកជួយសង្គ្រោះថៃ ដែលបានស្លាប់នៅក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងៗថៃនៅក្នុងរូងភ្នំ ត្រូវបានសាងសង់ជិតរួចហើយ
ថៃ៖ វិចិត្រករជនជាតិថៃលោក Chalermchai Kositpipat បានប្រាប់អ្នកសារព័ត៌មានថា រូបសំណាក់របស់អតីតអ្នកជួយសង្គ្រោះថៃ ដែលបានស្លាប់នៅក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងៗថៃទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ដែលជាប់នៅក្នុងរូបភ្នំនោះ ត្រូវបានគេសាងសង់ជិតរួចហើយ ពោលគឺសម្រេចបាន ៦០ % ហើយ។ អតីតអ្នកជួយសង្គ្រោះរូបនេះមានឈ្មោះថា Samarn Kunan និងមានប្រពន្ធម្នាក់ឈ្មោះ Waleeporn។
ការសម្រេចសាងសង់រូបសំណាក់នេះ ត្រូវបានគេធ្វើឡើង ដើម្បីរក្សាទុកនូវវីរៈភាពរបស់អតីតអ្នកជួយសង្គ្រោះ និងដើម្បីឲ្យអ្នកជំនាន់ក្រោយបានចងចាំនូវការលះបង់របស់គាត់ផងដែរ។ បើតាមក្រុមការងារសាងសង់រូបសំណាក់នេះបានឲ្យដឹងថា បន្ទាប់ពីសាងសង់រូបសំណាក់នេះរួចគេនឹងយករូបសំណាក់នេះទៅដាក់នៅក្នុងព្រះវិហារ ស មួយរយៈសិន និងក្រោយមកគេនឹងយករូបសំណាក់នេះទៅដាក់នៅក្នុងរូបភ្នំ ដែលជាកន្លែងកើតហេតុតែម្តង។ សូមរម្លឹកឡើងវិញថាបើតាមគម្រោង អាជ្ញាធរថៃនឹងកែប្រែតំបន់រូងភ្នំដែលជាកន្លែងកើតហេតុនោះ ឲ្យក្លាយទៅជាសារមន្ទីរសម្រាប់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិចូលមើល៕

អត្ថបទ៖ ភក្តី
ប្រភព៖ coconuts