អភិបាលរដ្ឋយូថាហ៍របស់អាមេរិកបានចុះហត្ថលេខាលើច្បាប់មួយ ដែលនឹងអាចហាមឃាត់វីដេអូសិចនៅលើទូរស័ព្ទដៃនិងថេប្លេត
- BY
- autoadmin
- March 29, 2021
អាមេរិក៖ អភិបាលរដ្ឋយូថាហ៍បានចុះហត្ថលេខាលើវិធានការណ៍មួយ ដែលអាចនឹងមានការហាមឃាត់ចំពោះវីដេអូអាសអាភាស (សិច) នៅលើទូរស័ព្ទដៃអ្នកប្រើប្រាស់នៅក្នុងរដ្ឋ។ យោងតាមច្បាប់ថ្មីដែលបានចុះហត្ថលេខា កាលពីថ្ងៃអង្គារទី២៣ ខែមីនា ឆ្នាំ២០២១ បានសរសេរថា រាល់ទូរស័ព្ទដៃ និងថេប្លេតដែលបានលក់នៅរដ្ឋយូថាហ៍ទាំងអស់ នឹងតម្រូវឱ្យមានប្រព័ន្ធចាប់វីដេអូអាសអាភាសដោយស្វ័យប្រវត្តិតែម្ដង។ ប៉ុន្តែយ៉ាងណាវាមិនទំនងថាច្បាប់នេះអាចអនុម័តបានភ្លាមៗនោះទេ លើកលែងតែមានរដ្ឋចំនួន ៥ ផ្សេងទៀតមានច្បាប់ដូចគ្នានេះ ហើយវានឹងត្រូវបានលើកឡើងនៅឯតុលាការ ដើម្បីជជែកវែកញែកអំពីវិធានការណ៍នេះបន្ថែមទៀត។

អភិបាលរដ្ឋលោក Spencer Cox បាននិយាយថា ការហាមឃាត់នេះគឺជាសារមួយផងដែរ ដើម្បីការពារកុមារពីការចូលមើលមាតិកាបែបនោះ ប៉ុន្តែយ៉ាងណាមានការរិះគន់ថា នេះជាការរំលោភបំពានសិទ្ធិបុគ្គល។ សេចក្ដីព្រាងច្បាប់នេះត្រូវបានឧបត្ថម្ភដោយសមាជិកបក្សសាធារណរដ្ឋលោកស្រី Susan Pulsipher ហើយលោកស្រីបាននិយាយថា លោកស្រីមានអំណរអរគុណដែលលោក Spencer Cox បានចុះហត្ថលេខាលើច្បាប់នេះ ហើយលោកស្រីសង្ឃឹមថា វានឹងជួយឪពុកម្តាយរក្សាកូនៗរបស់ពួកគេពីការមើលរឿងអាសអាភាសដោយអចេតនា។
ជម្រាបដែរថា សមាជិកសភារដ្ឋយូថាហ៍ដែលមានអភិបាលរដ្ឋបច្ចុប្បន្នមកពីបក្សសារធារណរដ្ឋ បានប្រកាន់ជំហរប្រឆាំងនឹងរឿងអាសអាភាសជាយូរមកហើយ លើសពីនេះទៀតនៅឆ្នាំ២០១៦ រដ្ឋយូថាហ៍បានក្លាយជារដ្ឋដំបូងគេដែលប្រកាសរឿងអាសអាភាសជា«វិបត្តិសុខភាពចសាធារណៈ» ហើយក្រោយមកមានរដ្ឋប្រមាណ ១២ បានអនុវត្តតាមរដ្ឋនេះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Unilad
- Share This Post:






