Decathlon នឹងបើកហាងទំនិញដំបូងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា
Decathlon ដែលជាក្រុមហ៊ុនលក់សម្ភារៈកីឡាមួយក្នុងចំណោមក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំបំផុតនៅលើពិភពលោក កំពុងតែបោះជំហ៊ានបន្តទៅមុខដើម្បីបំពេញនូវពាក្យស្លោករបស់ខ្លួនដែលថា «ធ្វើឲ្យមនុស្សគ្រប់គ្នាមានឱកាសលេងកីឡា » ខណៈក្រុមហ៊ុនលក់ សម្ភារៈកីឡាដ៏ធំមួយនេះនឹងបើកហាងទំនិញទីមួយរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី ១១ ខែសីហា
ខាងមុខនេះនៅឯ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំសម្បើមមួយនេះដែលត្រូវបានបង្កើតឡើងនៅប្រទេសបារាំងនៅឆ្នាំ ១៩៧៦ សព្វថ្ងៃមានហាងទំនិញជាង ១៣០០ហាងនិងដំណើរការក្នុង៤២ប្រទេសផ្សេងៗគ្នា។ សាខាហាង Decathlon ខណ្ឌសែនសុខផ្សារទំនើបអ៊ីអនមលទី២ជាសាខាហាងលក់ ទំនិញរបស់ក្រុមហ៊ុនទី១៧ប្រចាំតំបន់អាស៊ានហើយក៏ជាហាងទំនិញដំបូងបំផុតដែលក្រុមហ៊ុនគ្រោងនឹងសម្ពោធនៅប្រទេសកម្ពុជា។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត Decathlon គ្រោងនឹងពង្រីកខ្លួននៅរាជធានីភ្នំពេញ ហើយបន្ទាប់មកទៀត គ្រោងនឹងបន្តពង្រីកបន្ថែមនៅតាមខេត្តក្រុងនានានៅក្នុងប្រទេស ដូចជាខេត្តសៀមរាបជាដើម។
លោក Guillaume Cutuliនាយកប្រតិបត្តិនៃក្រុមហ៊ុន Decathlonប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «យើងបានបំពេញការងារនៅប្រទេសកម្ពុជាជាងប្រាំពីរឆ្នាំមកហើយ ដែលបានផ្តោតសំខាន់ទៅលើការគ្របគ្រងការផលិតសម្ភារៈកីឡារបស់យើងជាមួយនឹងក្រុមហ៊ុនដៃគូឧស្សាហកម្មនានានៅក្នុងស្រុក។ លោកបានបន្តថា «ដោយហេតុថា ប្រជាជនកម្ពុជាទូទៅទាំងប្រុសទាំងស្រីសុទ្ធសឹងតែនិយមលេងកីឡា ម្យ៉ាងទៀតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងរីកចម្រើនទៅមុខ ព្រមទាំងតម្រូវការអតិថិជនកំពុងមានការកើនឡើងទៀតនោះ បានផ្តល់ឱកាសដ៏ស័ក្តិសមបំផុតក្នុងការវិនិយោគទៅលើការបើកហាងលក់ទំនិញនៅក្នុងប្រទេសមួយនេះ»។
ជាការពិតណាស់ចាប់តាំងពីឆ្នាំ២០១១មកDecathlon បានបង្កើនការផលិតរបស់ខ្លួននៅ ក្នុងប្រទេសកម្ពុជាជាមួយដៃគូផ្នែកផ្គត់ផ្គង់ដែលបានវិនិយោគជាមួយក្រុមការងារក្នុងស្រុកដើម្បីធ្វើការគ្របគ្រងគុណភាពការផលិតក៏ដូចជា ការធានាឲ្យបាននូវការគោរពក្រមប្រតិបត្តិក៏ ដូចជា លក្ខខណ្ឌការងារទៅលើទីតាំងដៃគូខុសៗគ្នារបស់ពួកគេ។
ក្រោយការផ្តោតសំខាន់ទៅលើសកម្មភាពផលិតនៅក្នុងប្រទេស ក្រុមហ៊ុនបានសម្រេចចិត្តធ្វើការវិនិយោគក្នុងការបើកហាងទំនិញជាច្រើនដើម្បីធ្វើឲ្យការស្វែងរកសម្ភារៈកីឡានៅកម្ពុជាកាន់តែមានភាពងាយស្រួល និងសម្បូរបែប។» ផ្នែកមួយនៃចំណុចស្នូលនៃដំណើរការរបស់ Decathlon គឺជាការវិនិយោគនៅផ្នែកខាងក្នុង និងការផ្តោតការវិនិយោគទៅលើផលិតផលកីឡា។ស្លាកសញ្ញានីមួយៗទាំង ៦០របស់ក្រុមហ៊ុនតំណាងនូវប្រភេទនៃសម្ភារៈកីឡាខុសៗគ្នា ជាមួយនឹងការតាំងចិត្តដ៏មុតមាំរបស់ក្រុមការងារដែលរួមមានទំនួលខុសត្រូវសម្រាប់កិច្ចការស្រាវជ្រាវ ការឌីសាញ ការអភិវឌ្ឍន៍ និងការធ្វើតេស្តទៅលើផលិតផលរបស់ពួកគេ។
លោក Guillaume Cutuli បានមានប្រសាសន៍ «យើងចង់ធ្វើឲ្យ Decathlon ក្លាយជាស្លាកសញ្ញាដែលទទួលបានការចូលចិត្ត និងពេញនិយមនៅក្នុងប្រទេសកម្ពុជា។ គោលដៅធំបំផុតរបស់យើងគឺ ការចែកចាយសម្ភារៈកីឡាជាច្រើនប្រភេទជាមួយនឹងតម្លៃទាបសមរម្យបំផុតសម្រាប់ប្រជាជនកម្ពុជាដែលនិយមកីឡាទាំងប្រុសទាំងស្រីគ្រប់រូប។» Decathlonក៏បានផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុតរបស់ខ្លួនទៅលើការជ្រើសរើសបុគ្គលិក ដែលនឹងចូលរួមចំណែកក្នុងការលើកស្ទួយគុណតម្លៃរបស់ក្រុមហ៊ុនរួមមាន ទំនួលខុសត្រូវ និងភាពមុះមុតក្នុងការងារ។យើងនឹងជ្រើសយកបុគ្គលិកដែលមានផ្នត់គំនិតប្រកបដោយការស្រឡាញ់កីឡា ការផ្តល់សេវាកម្ម និងឯករាជ្យភាព។អ្នកគ្រប់គ្រង Decathlon ក៏បានធ្វើការយ៉ាងជិតដិតជាមួយក្រុមការងាររបស់ពួកគេដើម្បីជម្រុញពួកគេក្នុងការសម្រេចចិត្តនិងទំនួលខុសត្រូវ។«យើងជឿជាក់យ៉ាងមុតមាំថាការពេញចិត្តរបស់អតិថិជនគឺអាស្រ័យទៅលើបុគ្គលិក។ បុគ្គលិករបស់យើងក៏ត្រូវបានបើកទូលាយឲ្យបង្កើតនូវកំហុសឆ្គងប្រកបដោយទំនួលខុសត្រូវរបស់ពួកគេរៀងៗខ្លួនផងដែរ។»

Decathlon កម្ពុជាក៏គ្រោងនឹងវិនិយោគទៅលើទីផ្សារលក់ទំនិញតាមអនឡាញក្នុងស្រុក ដែលនឹងអនុញ្ញាតិឲ្យអតិថិជនគ្រប់រូបអាចជាវផលិតផលពីគេហទំព័ររបស់ខ្លួនផងដែរ។ ហាងទំនិញរបស់យើងក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ«ការលក់គ្រប់បែប» ដើម្បីជម្រុញឲ្យមានកិច្ចការទំនាក់ទំនង និងការផ្តល់ជូនសេវាកម្មដ៏ល្អប្រសើរជូនអតិថិជន។ ដោយសារតែ អាកប្បកិរិយា និងការរំពឹងទុករបស់អតិថិជនមានការផ្លាស់ប្តូរជាប្រចាំ យើងចង់ផ្តល់ជូននូវបទពិសោធន៍ដ៏ល្អឥតខ្ជោះជូនអតិថិជនទាំងនៅហាងផ្ទាល់និងទីផ្សារអនឡាញ។
Decathlon កម្ពុជាក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងសហគមន៍ក្នុងតំបន់ដោយធ្វើការវិនិយោគទៅលើកម្មវិធីអភិវឌ្ឍសហគមន៍ និងការបង្កើតភាពជាដៃគូជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាអង្គការមិនទទួលប្រាក់ចំណូលផងដែរ។ ក្រុមហ៊ុនក៏បានជ្រើសរើសយុវជនដែលឋិតក្រោមតំបន់អាទិភាពដើម្បីទទួលបានឱកាសការងារពីក្រុមហ៊ុន ក្រោយពីបានឆ្លងកាត់ការហ្វឹកហាត់ជាច្រើនលើកច្រើនសារ។









