រដ្ឋមន្រ្តីប្រេស៊ីលមួយចំនួនលាលែងពីតួនាទី ដោយសារអសម្ថភាពធានាឱ្យមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់គ្រាន់
- BY
- autoadmin
- March 30, 2021
រដ្ឋមន្រ្តីក្រសួងការពារជាតិប្រេស៊ីលលោក Fernando Azevedo e Silva បានប្រកាសលាលែងពីរដ្ឋបាលរបស់លោកប្រធានាធិបតី Jair Bolsonaro កាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីលោករដ្ឋមន្ត្រីការបរទេស និងសុខាភិបាលរបស់ប្រទេសនេះ សុទ្ធតែបានលាលែងពីតំណែងទាំងអស់។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយលោក Fernando Azevedo e Silva បាននិយាយថា គាត់បានបំពេញតួនាទីរបស់គាត់រួចរាល់អស់ហើយ ប៉ុន្តែគាត់មិនបានបញ្ជាក់ពីហេតុផលដែលចាកចេញនេះទេ។

លោក Azevedo e Silva ដែលជាឧត្តមសេនីយ៍ទោបម្រុងកងទ័ពរូបនេះ គឺមានអាយុ ៦៧ឆ្នាំ ហើយបានចូលកាន់តំណែងចាប់តាំងពីលោក Bolsonaro ចូលកាន់តំណែងនៅខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។ ការប្រកាសរបស់លោកបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសលោក Ernesto Araujo បានដាក់ពាក្យលាឈប់ ចំពេលមានភាពចម្រូងចម្រាសក្នុងការធានាឱ្យមានវ៉ាក់សាំងបង្ការជំងឺ COVID-19 បន្ថែមទៀត។
ការចាកចេញរបស់រដ្ឋមន្រ្តី ២រូប ក្នុងរយៈពេលមួយថ្ងៃនេះ គឺជាការប៉ះទង្គិចដ៏ធំមួយចំពោះលោកប្រធានាធិបតី Bolsonaro ដែលកំពុងរងសម្ពាធកាន់តែខ្លាំង នៅក្នុងការដោះស្រាយជំងឺរាតត្បាតដែលកាន់តែធ្ងន់ធ្ងរឡើងៗ ដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលប្រទេសនេះស្ទើរតែដួលរលំទៅហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ France24
- Share This Post:






