ប្រទេសជប៉ុនគ្រោងនឹងផ្អាកជំនួយទៅប្រទេសមីយ៉ាន់ម៉ាក្នុងពេលនេះសិន ដើម្បីដាក់សម្ពាធពួកយោធាឱ្យឈប់ប្រើអំពើហិង្សាលើពលរដ្ឋ
- BY
- autoadmin
- March 31, 2021
រដ្ឋាភិបាលជប៉ុនគ្រោងនឹងដកហូតជំនួយថ្មីៗដល់មីយ៉ាន់ម៉ាសម្រាប់ពេលនេះ ដើម្បីជំរុញឱ្យយោធារបស់ប្រទេសនេះបញ្ឈប់អំពើហិង្សាប្រឆាំងនឹងជនស៊ីវិល និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ វិធានការណ៍នេះមានគោលបំណងដាក់សម្ពាធលើយោធារបស់ប្រទេសមីយ៉ាន់ម៉ា ហើយរដ្ឋាភិបាលជប៉ុនគិតថា ការផ្អាកជំនួយសេដ្ឋកិច្ចរបស់ខ្លួនដល់ប្រទេសនេះ មានប្រសិទ្ធភាពជាងការដាក់ទណ្ឌកម្មដោយប្រទេសលោកខាងលិចមួយចំនួន។

កាលពីថ្ងៃអង្គាររដ្ឋមន្រ្តីក្រសួងការបរទេសលោក Motegi Toshimitsu បានព្រាងសេចក្តីសម្រេចចិត្តមួយ អំពាវនាវឱ្យរដ្ឋាភិបាលមានការប្រុងប្រយ័ត្នក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការថ្មីដល់ប្រទេសមីយ៉ាន់ម៉ា។ គាត់ថា រដ្ឋាភិបាលគួរតែគិតគូរពីស្ថានភាពផ្លាស់ប្តូររបស់មីយ៉ាន់ម៉ា និងពិចារណាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិជាមួយប្រទេសនេះ។
លោករដ្ឋមន្រ្តីបាននិយាយថា ប្រទេសជប៉ុនគឺជាអ្នកផ្តល់ជំនួយសេដ្ឋកិច្ចធំជាងគេដល់ប្រទេសមីយ៉ាន់ម៉ា ហើយជំហររបស់រដ្ឋាភិបាលជប៉ុនបង្ហាញយ៉ាងច្បាស់ហើយថា នឹងមិនមានគម្រោងថ្មីជាមួយមីយ៉ាន់ម៉ានោះទេ។ គួរឱ្យដឹងដែរថា ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនដល់ប្រទេសមីយ៉ាន់ម៉ា គឺមានចំនួនជិត ២០០ ពាន់លានយ៉េន ឬប្រហែល ១.៨ ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០១៩ ដែលបានបញ្ចប់នៅខែមីនា ឆ្នាំ២០២០៕



អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






