ប្រមុខកងទ័ពការពារជាតិចំនួន ៣នាក់ របស់ប្រទេសប្រេស៊ីល បានលាចេញពីតំណែងដោយសារមិនពេញចិត្តជាមួយការដឹកនាំរបស់ប្រធានាធិបតីលោក Jair Bolsonaro
- BY
- autoadmin
- March 31, 2021
ប្រមុខកងទ័ពជើងទឹក ជើងគោក និងកងជើងទ័ពអាកាសរបស់ប្រទេសប្រេស៊ីលឥឡូវនេះ សុទ្ធតែបានលាឈប់ពីតំណែងជាបន្ដបន្ទាប់ នៅចំពេលដែលប្រធានាធិបតីលោក Jair Bolsonaro កំពុងមានការលំបាកក្នុងការទប់ស្កាត់វិបត្តនៅក្នុងប្រទេស បូករួមទាំងការរិះគន់ជុំវិញភាពជាមេដឹកនាំរបស់លោក។ ប្រមុខកងទ័ពការពារជាតិចំនួន ៣នាក់ បានលាចេញពីតំណែងរបស់ពួកគេ ដោយសារមិនអាចទ្រាំជាមួយលោកប្រធានាធិបតីបានទៀតទេ ហើយពួកគាត់បាននិយាយថា លោក Bolsonaro មិនបានប្រើប្រាស់កម្លាំងការពារជាតិឱ្យបានត្រឹមត្រូវឡើយ។ វាមិនមែនជាលើកទីមួយទេដែលប្រមុខដឹកនាំសំខាន់ៗបានចុះចេញពីតំណែង មុននេះរដ្ឋមន្ដ្រីការពារជាតិរបស់ប្រទេសគឺលោក Fernando Azevedo e Silva ក៏បានលាលែងពីតំណែងផងដែរ។

ប្រភពបាននិយាយថា វាគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រេស៊ីលដែលប្រមុខកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស បានឈរលើជំហរជាមួយគ្នា មិនគាំទ្រទង្វើរបស់ប្រធានាធិបតីរបស់ប្រទេស។ អ្នកទាំង ៣ គឺឧត្តមសេនីយ៍ Edson Leal Pujol, ឧត្តមសេនីយ៍ Adm Ilques Barbosa និងអនុសេនីយ៍ទោ Antonio Carlos Bermudez ដែលបានលាលែងពីតំណែងកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសម្នាក់ផ្សេងទៀត គឺលោក Ernesto Araújo ត្រូវបានបង្ខំចិត្តលាឈប់ពីតំណែង បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសមាជិកសភា៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






