អន្តរជាតិ

ក្មេង២នាក់នៅវៀតណាមផឹកទឹកប្រភេទនេះ ស្មានតែជាទឹកស៊ីរ៉ូ ចុងក្រោយបាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតចូលសង្គ្រោះបន្ទាន់ ទើបដឹងថាជាថ្នាំកណ្តុរ

BY
autoadmin
March 31, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoitre News បានរាយការណ៍ថា មានកុមារម្នាក់បានស្លាប់ និងម្នាក់ទៀតត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យ ដោយសារពួកគេបានរើសទឹកស៊ីរ៉ូផ្អែមម៉្យាង ដែលគេច្រកដាក់ដបច្របាច់តូចៗយកមកផឹក នៅឯខេត្ត Dong Nai នៃប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។ កុមារទាំង ២នាក់ មិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ហើយពួកគេបានផឹកទឹកស៊ីរ៉ូទាំងនោះនៅអំឡុងម៉ោង ៥ល្ងាច នៅពេលដែលពួកគេចេញដើរលេងតាមរបៀបក្មេងៗធម្មតា លុះដល់វេលាម៉ោង ៩យប់ ទើបពួកគេបានចេញរោគសញ្ញាពុលតែម្ដង។

កុមារទាំង ២នាក់ មានម្នាក់អាយុ ៧ឆ្នាំ និងម្នាក់ទៀតគឺអាយុ ៨ឆ្នាំ ហើយពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងតំបន់ភ្លាមៗ មុនពេលបញ្ជូនបន្ដទៅមន្ទីរពេទ្យកុមាររបស់ខេត្ត។ គ្រូពេទ្យនៅមន្ទីរពេទ្យកុមាររបស់ខេត្ត Dong Nai ក៏បានព្យាយាមជួយកុមារទាំង ២នាក់ តែគួរឱ្យសោកស្ដាយកុមារម្នាក់ដែលមានអាយុ ៨ឆ្នាំ ក្រោយមកក៏បានប្រកាច់ និងបានទទួលមរណភាពនៅពេលនោះទៅ។ ឥឡូវនេះកុមារដែលបានរួចជីវិតគឺនៅមានអាការឈឺក្បាល វិលមុខ និងចង់ក្អួតចង្អោរនៅឡើយ។

បើយោងតាមសម្ដីគ្រូពេទ្យដែលជួយសង្គ្រោះពួកគេបាននិយាយថា ទឹកស៊ីរ៉ូក្រហមទាំងនោះមិនមែនជារបស់អាចញ៉ាំបាននោះទេ វាគឺជាថ្នាំសម្លាប់សត្វកណ្ដុរ និងមានប្រភពមកពីប្រទេសចិន ហើយវាត្រូវបានគេហាមឃាត់ជាយូរមកហើយ។ គ្រូពេទ្យក៏បាននិយាយដែរថា នេះគឺជាករណីកម្រមានបំផុត ព្រោះថាថ្នាំកណ្ដុរនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ ដោយត្រឹមតែប៉ុន្មាននាទីគឺអាចសម្លាប់សត្វកណ្ដុរបានទៅហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Tuoitre News

Share This Post: