នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយថា លោកនឹងមិនបិទផ្លូវពលរដ្ឋដែលភៀសខ្លួនមកពីប្រទេសមីយ៉ាន់ម៉ាទេ
- BY
- autoadmin
- April 1, 2021
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងអនុញ្ញាតឱ្យពលរដ្ឋដែលភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា អាចចូលមកក្នុងប្រទេសថៃបានដោយឈរលើហេតុផលមនុស្សធម៌ ប្រសិនបើអំពើហិង្សានៅទីនោះមានកើនឡើង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។ លោកនាយករដ្ឋមន្ត្រីថៃបានថ្លែងបែបនេះ បន្ទាប់ពីលោកបានដឹងថាពួកយោធាមីយ៉ាន់ម៉ា បានធ្វើការវាយប្រហារតាមអាកាសមកលើពលរដ្ឋនៅរដ្ឋ Karen ដែលធ្វើឱ្យពលរដ្ឋត្រូវភៀសខ្លួនចេញពីទីនោះមកកាន់ប្រទេសថៃ ហើយមានពលរដ្ឋខ្លះទៀតត្រូវរត់ចូលក្នុងព្រៃជាដើម។

លោក ប្រាយុទ្ធ បាននិយាយថា៖«ប្រទេសថៃនឹងមិនរារាំងផ្លូវឱ្យពួកគេត្រឡប់ទៅវិញ ទាំងដែលពួកគេកំពុងជួបបញ្ហានៅក្នុងប្រទេសរបស់ពួកគេទេ ប៉ុន្តែក៏មិនមានន័យថា ជាការប្រកាសទទួលយកពួកគេដោយបើកជំហរនោះដែរ»។ លោកចង់បញ្ជាក់ថា បើទោះបីជាជនភៀសខ្លួនបានចូលមកដោយហេតុផលគេចពីការស្លាប់ ឬរបួសនៅពេលដែលប្រទេសពួកគេកំពុងមានចលាចលក៏ដោយ ប៉ុន្តែពួកគេត្រូវតែគោរពតាមអាជ្ញាធរថៃ ដើម្បីអាចឱ្យមានការចូលមកឱ្យត្រូវទៅតាមច្បាប់នៃការភៀសខ្លួន។ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមដែរថា លោកនឹងបញ្ជូនជនភៀសខ្លួនត្រឡប់ទៅវិញ នៅពេលដែលស្ថានការណ៍នៅតំបន់នោះបានធូរស្រាលវិញ៕




អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






