វ៉ាក់សាំងកូវីដ១៩ Sinopharm និង Sinovac របស់ចិន ដែលចាក់ជូនប្រជាពលរដ្ឋខ្មែរ គឺត្រូវបានទទួលស្គាល់ប្រសិទ្ធភាពពី អង្គការសុខភាពពិភពលោក (WHO) ហើយ
- BY
- autoadmin
- April 1, 2021
ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់របស់អង្គការសុខភាពពិភពលោក (SAGE) គឺលោក Alejandro Cravioto កាលពីថ្ងៃពុធ ទី៣១ ខែមីនា តាមរយៈការចុះផ្សាយនៅក្នុងសារព័ត៌មាន រ៉យទ័រ បាននិយាយថា ទិន្នន័យរបស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថចិន Sinopharm និង Sinovac បានបង្ហាញថា វ៉ាក់សាំងទាំងនេះមានកម្រិតប្រសិទ្ធភាពស្របជាមួយស្ដង់ដារដែល WHO ត្រូវការ ហើយក្រុមប្រឹក្សាសង្ឃឹមថា នឹងចេញអនុសាសន៍ស្តីពីវ៉ាក់សាំងទាំងនោះនៅចុងខែមេសានេះ។

លោក Cravioto បាននិយាយថា ព័ត៌មានដែលក្រុមហ៊ុនបានចែករំលែកជាសាធារណៈនៅក្នុងកិច្ចប្រជុំជាមួយ SAGE កាលពីសប្តាហ៍មុន បានបង្ហាញយ៉ាងច្បាស់ថា វ៉ាក់សាំងមានកម្រិតប្រសិទ្ធភាពត្រូវនឹងតម្រូវការរបស់ WHO ដែលបានស្នើសុំឱ្យមាននៅក្នុងវ៉ាក់សាំងទាំងអស់ នៅមុនពេលមានការអនុម័តឱ្យប្រើប្រាស់។ មានន័យថា វ៉ាក់សាំងទាំងនេះត្រូវតែមានប្រសិទ្ធភាពប្រហែលពី ៥០% ទៅ ៧០% ខណៈដែលទិន្នន័យរបស់ពួកវាបង្ហាញថា វាមិនធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់នោះទេ។
លោកបានបន្ថែមថា ដូច្នេះជាដំណាក់កាលដំបូង វ៉ាក់សាំងអាចនឹងត្រូវការការចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាបន្ទាន់ពី WHO ឬពីទីភ្នាក់ងារណាដែល SAGE ចាត់ទុកថាជាអាជ្ញាធរមានសមត្ថកិច្ច មុនពេលអ្នកជំនាញរបស់ SAGE អាចផ្តល់អនុសាសន៍អំពីការប្រើប្រាស់របស់ពួកគេ។
គួរឱ្យដឹងដែរថា វ៉ាក់សាំងរបស់ Sinovac មានប្រសិទ្ធភាពចន្លោះពី ៥០.៦៥% ទៅ ៨៣.៥% តាមទិន្នន័យពីការសាកល្បងពីប្រទេសប្រេស៊ីល ទួរគី និងឥណ្ឌូនេស៊ី។ ចំណែកឯទិន្នន័យរបស់វ៉ាក់សាំង Sinopharm គឺមិនត្រូវបានបង្ហាញជាសាធារណៈទេ ប៉ុន្តែវាត្រូវបានអះអាងថាមានប្រសិទ្ធភាព ៧៩.៣៤% ដោយវិទ្យាស្ថានផលិតផលជីវសាស្ត្រប៉េកាំង៕




អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






