អន្តរជាតិ

ភ្លៀងធ្លាក់ជោគជាំនៅប្រទេសឥណ្ឌូនេស៊ី និងទីម័រខាងកើត បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៥២ នាក់ស្លាប់ ខណៈជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន

BY
autoadmin
April 5, 2021

ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រខាងកើត បានបណ្តាលឱ្យមានការបាក់ដី និងរំហូរភក់ជាច្រើន ដែលធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៥២នាក់ ត្រូវបាត់បង់ជីវិត។ អាជ្ញាធរឥណ្ឌូណេស៊ីបានរាយកាណ៍ថា ការរអិលបាក់ដីនិងរំហូរភក់ត្រូវបានគេសង្កេតឃើញនៅទូទាំងកោះ Adonara កាលពីព្រឹកថ្ងៃអាទិត្យ ហើយរហូតមកដល់ពេលនេះមានមនុស្សចំនួន ៤១ នាក់បានស្លាប់ និង ២៧ នាក់ កំពុងបាត់ខ្លួននៅឡើយ។ ចំណែកការរអិលបាក់ដីនៅរដ្ឋធានី Dili របស់ប្រទេសទីម័រខាងកើតវិញ ក៏បានសម្លាប់មនុស្ស ១១ នាក់ផងដែរ។

ផ្ទះរាប់សិបខ្នងនៅប្រទេសឥណ្ឌូនេស៊ីត្រូវបានកប់នៅក្នុងភក់ ឬត្រូវទឹកនាំទៅដោយទឹកជំនន់ ហើយខ្យល់បក់ខ្លាំងបានធ្វើឱ្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចបញ្ជូននាវាសង្គ្រោះទៅកាន់កោះដែលរងគ្រោះឱ្យបានទាន់ពេលវេលានោះទេ។ អាជ្ញាធរក៏បាននិយាយដែរថា ចំនួនជនរងគ្រោះត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែម ខណៈភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមានក្នុងតំបន់សម្រាប់ប៉ុន្មានថ្ងៃខាងមុខទៀត។ ឥឡូវនេះការព្រួយបារម្ភនៅត្រង់ថា តើមនុស្សប៉ុន្មាននាក់ ឬការខូចខាតប៉ុន្មានទៀត ដែលប្រទេសទាំង ២ ត្រូវប្រឈមមុខ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: