សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថ AstraZeneca បានសម្រេចផ្អាកការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារនិងក្មេងជំទង់ជាបណ្ដោះអាសន្ន
- BY
- autoadmin
- April 7, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា សាកលវិទ្យាល័យ Oxford កាលពីថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ បានផ្អាកការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំពោះកុមារនិងក្មេងជំទង់ ដើម្បីរង់ចាំទិន្នន័យបន្ថែមស្តីពីបញ្ហាឈាមកកដ៏កម្រ ដែលបានកើតមានឡើងចំពោះមនុស្សពេញវ័យក្រោយចាក់វ៉ាក់សាំងរួច។ រំលឹកផងដែរថា នាពេលថ្មីៗនេះមានក្រុមហ៊ុនឱសថមួយចំនួន បាននិងកំពុងចាប់ផ្ដើមការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 លើកុមារនិងក្មេងជំទង់ ដោយសង្ឃឹមថា វ៉ាក់សាំងនឹងជួយការពារពួកគេពីជំងឺឆ្លង ហើយអាចឱ្យពួកគេទៅសាលារៀនវិញបានឆាប់ៗ។

ការសម្រេចចិត្តផ្អាកការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនបានបង្កើតឡើងជាមួយក្រុមហ៊ុន AstraZeneca ចំពោះកុមារនិងក្មេងជំទង់ គឺជាការការពារជាមុនពីហានិភ័យណាមួយដែលអាចកើតមានឡើង បើទោះបីជាចាប់តាំងពីបើកការសាកល្បងនោះមក នៅមិនទាន់មានរបាយការណ៍អំពីការធ្វើទុក្ខខ្លាំងពីវ៉ាក់សាំងក៏ដោយ។ ចំណែកឯអង្គការសុខភាពពិភពលោក (WHO) ដែលកំពុងសិក្សាយ៉ាងដិតដល់លើទិន្នន័យចុងក្រោយរបស់ក្រុមហ៊ុន AstraZeneca រួមជាមួយនិយតករផ្សេងទៀតកាលពីថ្ងៃអង្គារក៏បាននិយាយដែរថា ពួកគេសង្ឃឹមយ៉ាងមុតមាំថា វ៉ាក់សាំងនេះនឹងនៅតែមានប្រសិទ្ធភាព និងសុវត្ថិភាពច្រើនជាងហានិភ័យ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






