អន្តរជាតិ

ប្រទេសថៃគ្រោងនឹងបង្ហោះផ្កាយរណបសាកល្បងឈ្មោះ TSC-Pathfinder ដែលខ្លួនជាអ្នកបង្កើតឡើងជាលើកដំបូងនៅឆ្នាំ២០២៣

BY
autoadmin
April 7, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ផ្កាយរណបសាកល្បងឈ្មោះ TSC-Pathfinder ដែលត្រូវបានបង្កើតឡើងដំបូងដោយជនជាតិថៃ អាចនឹងត្រូវបាញ់បង្ហោះនៅឆ្នាំ២០២៣ ដើម្បីធ្វើការស្ទាបស្ទង់លើធនធានធម្មជាតិរបស់ផែនដី។ វាជាផ្កាយរណបមួយដែលស្ថិតក្នុងចំណោមផ្កាយរណបតូចៗចំនួន ៥ ដែលកំពុងត្រូវបានបង្កើតឡើងដោយក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងច្នៃប្រតិដ្ឋ (MHESI) នៅក្នុងកម្មវិធីបច្ចេកវិទ្យាអវកាសឆ្នាំ២០២១-២០២៧ បូករួមនឹងកិច្ចព្រមព្រៀងជាមួយស្ថាប័នចំនួន ១២ និងសាកលវិទ្យាល័យចំនួន ៥ ដើម្បីធ្វើការរួមគ្នាលើគម្រោងផ្នែកវិទ្យាសាស្ត្រនេះ។

បន្ទាប់ពីការបង្ហោះផ្កាយរណប TSC-Pathfinder ចាប់ផ្តើមនៅឆ្នាំ២០២៣ ផ្កាយរណបទី២ ឈ្មោះថា TSC-1 នឹងត្រូវបាញ់បង្ហោះដើម្បីធ្វើការអង្កេតលើផែនដី នៅឆ្នាំ២០២៥ ។ ចំណែកផ្កាយរណបទី៣ ឈ្មោះ TSC-PFT1 នឹងត្រូវបាញ់ដើម្បីសាកល្បងបច្ចេកវិទ្យាប្រព័ន្ធពីរ និងទី៤ គឺ TSC-PFT2 ដែលនឹងត្រូវបាញ់សាកល្បងផ្ដោតលើប្រព័ន្ធនៃការទទួល និងបញ្ជូនសញ្ញា នៅក្នុងកម្រិតប្រេកង់ទាប។ ផ្កាយរណបទី៣ និងទី៤ នឹងត្រួសត្រាយផ្លូវសម្រាប់ផ្កាយរណបទី៥ គឺ TSC-2 ដែលនឹងត្រូវបញ្ជូនទៅកាន់គន្លងព្រះច័ន្ទនៅឆ្នាំ២០២៧ ។ ពោលគឺគំនិតសំខាន់ៗនៃការស្រាវជ្រាវគឺការអភិវឌ្ឍវិស្វកម្មអវកាស កម្មវិធីស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការគាំទ្រផ្នែកអប់រំ និងឧស្សាហកម្ម។

ទោះយ៉ាងណាក្រុមអ្នករិះគន់កំពុងតែចោទសួរថា តើគម្រោងនេះពិតជានឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យាអវកាសដែរឬទេ។ មនុស្សជាច្រើននៅលើបណ្តាញសង្គម Twitter ក៏បានធ្វើការរិះគន់ចំពោះការចំណាយរបស់គម្រោងនេះ នៅពេលដែលប្រជាជនថៃជាច្រើនកំពុងរស់នៅក្នុងភាពក្រីក្រ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: