តួលេខស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ របស់ប្រទេសប្រេស៊ីល បានហក់ឡើងដល់ ៤,០០០នាក់ ជាលើកដំបូងបំផុត ខណៈប្រព័ន្ធសុខាភិបាលគឺស្ទើរតែដួលរលំ
អន្តរជាតិ April 7, 2021 lyda

ប្រទេសប្រេស៊ីលបានកត់ត្រានូវការស្លាប់ដែលទាក់ទងនឹងជំងឺ COVID-19 ច្រើនជាង ៤,០០០ នាក់ ក្នុងរយៈពេល ២៤ម៉ោង ជាលើកដំបូងបំផុតចាប់តាំងពីប្រទេសនេះមានករណីជំងឺ COVID-19 កាលពីឆ្នាំមុន ខណៈដែលសព្វថ្ងៃប្រទេសនេះកំពុងតែប្រឈមនឹងរលកឆ្លងថ្មីៗ ដែលធ្វើឱ្យករណីប្រចាំថ្ងៃមានការកើនឡើងជាងមុនទៅទៀត។ មិនត្រឹមតែករណីមានការកើនឡើងនោះទេ សូម្បីនៅតាមមន្ទីរពេទ្យក៏មានសភាពចង្អៀតណែនណាន់តាន់តាប់ ហើយប្រព័ន្ធសុខាភិបាលនៅតំបន់ខ្លះគឺស្ទើរតែដួលរលំទាំងស្រុងទៅហើយ។

គិតមកទល់ពេលនេះប្រេស៊ីលមានករណីស្លាប់សរុបចំនួន ៣៣៧,០០០ ដែលវាជាចំនួនដ៏ច្រើនបំផុតទី២ នៅក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណាលោកប្រធានាធិបតី Jair Bolsonaro នៅតែបន្តប្រឆាំងរាល់វិធានការទប់ស្កាត់នានា ដែលដាក់ឡើងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ COVID-19 ។ លោកបានអះអាងថា វាគឺជាការបំផ្លាញសេដ្ឋកិច្ចជាតិ ហើយផលអាក្រក់របស់វិធានការគឺមានច្រើនជាងផលប៉ះពាល់នៃជំងឺ COVID-19 ទៅទៀត។

មិនត្រឹមតែប៉ុណ្ណឹងទេ លោកបានព្យាយាមឱ្យមានការពិនិត្យឡើងវិញចំពោះការរឹតត្បឹត នៅឯតុលាការតាមតំបន់ ហើយបានរិះគន់វិធានការដាច់ដោយឡែក និងបានដាក់សំណើដោយគ្មានភ័ស្តុតាងមួយ ដែលបានចង្អុលបង្ហាញថា វិធានការរឹតត្បឹតមានការជាប់ទាក់ទងនឹងភាពធាត់ និងជំងឺធ្លាក់ទឹកចិត្តរបស់ពលរដ្ឋ។ លោកមិនដែលទទួលស្គាល់ឬលើកឡើងអំពីបញ្ហាដែលថាជំងឺ COVID-19 ទាំងតួលេខឆ្លង និងការស្លាប់មានការកើនឡើងនោះទេ ថ្វីបើរូបលោកផ្ទាល់ធ្លាប់ឆ្លងជំងឺនេះខ្លួនឯក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC