អន្តរជាតិ

ជប៉ុនកំពុងគិតចង់ផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់អត្តពលិកដែលនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក

BY
autoadmin
April 8, 2021

ប្រទេសជប៉ុនកំពុងគិតអំពីការផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់អត្តពលិក ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ដែលនឹងចាប់ផ្តើមនៅចុងខែកក្កដានេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ជម្រាបផងដែរថា ប្រទេសជប៉ុនគឺមិនសូវជាមានវ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើននោះទេបើប្រៀបនឹងប្រទេសធំៗផ្សេងទៀត ហើយគិតចាប់ពីខែកុម្ភៈមក ខ្លួនបានអនុម័តវ៉ាក់សាំងប្រមាណជា ១ លានដូសប៉ុណ្ណោះ ខណៈដែលការចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់មនុស្សចាស់ជរាក៏នឹងត្រូវដាក់ចេញនៅសប្ដាហ៍ក្រោយនេះ។

ថ្វីបើមានចំនួនវ៉ាក់សាំងតិចយ៉ាងនេះក្ដី រដ្ឋាភិបាលបានចាប់ផ្តើមពិនិត្យមើលលទ្ធភាពនៃការធ្វើឱ្យប្រាកដថា អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិករបស់ខ្លួនទាំងអស់ ត្រូវបានចាក់វ៉ាក់សាំងបង្ការ COVID-19 ឱ្យបាននៅចុងខែមិថុនា។ គំនិតនេះបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយមានអ្នកខ្លះបានកត់សម្គាល់ថា ផែនការដំបូងរបស់រដ្ឋាភិបាលសម្រាប់ការចាក់វ៉ាក់សាំង គឺផ្តល់អាទិភាពដល់បុគ្គលិកពេទ្យ មនុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ហើយអត្តពលិកគឺជាពលរដ្ឋមានសុខភាពរឹងមាំធម្មតា ដូច្នេះវាជារឿងមិនទំនងនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: