អន្តរជាតិ

យោធាមីយ៉ាន់ម៉ាបានសម្លាប់បាតុករចំនួន ១៣ នាក់បន្ថែមទៀត ហើយបានផ្ដោតគោលដៅតាមចាប់តារាល្បីៗមួយចំនួនផងដែរ

BY
autoadmin
April 8, 2021

ពួកយោធាមីយ៉ាន់ម៉ានៅតែបន្តការបង្ក្រាបដោយហិង្សារបស់ខ្លួន ទៅលើក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារយោធា ហើយកាលពីថ្ងៃពុធម្សិលមិញនេះមានមនុស្សយ៉ាងហោចណាស់ ១៣នាក់ នៅតំបន់ Kale ត្រូវបានពួកគេសម្លាប់បន្ថែមទៀត។ ពោលគឺចាប់តាំងពីប្រទេសនេះមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ តរៀងមក ការតវ៉ានៅតាមតំបន់នៅតែបន្ដធ្វើឡើងជាបន្ដបន្ទាប់ ខណៈដែលពួកយោធាបានបង្កើនការបង្ក្រាបយ៉ាងឃោរឃៅទៅលើពលរដ្ឋ។ ឥឡូវនេះក្រុមអ្នកតវ៉ាក៏បានធ្វើការប្រឆាំងដោយមិនទិញផលិតផលរបស់ប្រទេសចិន នៅក្រោយពេលដែលពួកយោធាបានហៅទីក្រុងប៉េកាំងថា ជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ។

ទន្ទឹមនឹងនេះដែរ យោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងជនជាតិភាគតិចនៅរដ្ឋ Karen ដែលគាំទ្រក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ ហើយពួកទាហានជើងគោកក៏បានទៅល្បាតនៅតំបន់ជាប់ព្រំដែនថៃមួយនោះ ដែលធ្វើឱ្យមានការប៉ះទង្គិចគ្នាបន្ថែមទៀតរវាងទាហាននិងជនជាតិភាគតិច។ ក្រៅពីធ្វើការបង្រ្កាបយ៉ាងសាហាវមកលើក្រុមបាតុករ ពួកយោធាក៏បានប្រកាសនឹងចាប់ខ្លួនតារាចម្រៀង តារាសម្តែង និងជនល្បីឈ្មោះមួយចំនួនទៀត ដែលពួកគេបានចេញមុខប្រឆាំងនឹងរដ្ឋប្រហារ។ គួរឱ្យដឹងដែរថា ចាប់តាំងពីខែកុម្ភៈមកទល់ពេលនេះ មានជនស៊ីវិលជិត ៦០០នាក់ ត្រូវបានគេសម្លាប់នៅអំឡុងពេលមានការតវ៉ាប្រឆាំងពួកយោធា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: