អន្តរជាតិ

ផ្លូវរថភ្លើងល្បឿនលឿនដំបូងបំផុត និងមានតម្លៃជាង ៨០០លានដុល្លារ របស់ប្រទេសវៀតណាម នឹងដាក់ដំណើរការឱ្យពលរដ្ឋប្រើប្រាស់នៅចុងខែមេសានេះហើយ

BY
autoadmin
April 8, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា ប្រទេសវៀតណាមនឹងបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ខ្លួន ដែលភ្ជាប់ពី Cat Linh – Ha Dong នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដែលត្រូវជាថ្ងៃទិវាបង្រួបប្រួមរបស់ប្រទេសនេះផ្ទាល់តែម្ដង។ ការពិតទៅគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះគឺមានជាយូរមកហើយ ប៉ុន្តែវាត្រូវពន្យារពេលដាក់ឱ្យប្រើប្រាស់ដោយសារតែវិបត្តិនៃជំងឺ COVID-19 ។ ជម្រាបផងដែរថា ផ្លូវរថភ្លើងនេះបានទទួលវិញ្ញាបនប័ត្រសុវត្ថិភាពពីអាជ្ញាធរពាក់ព័ន្ធរួចហើយ ខណៈដែលក្រសួងដឹកជញ្ជូន និងអង្គភាពពាក់ព័ន្ធនានា ក៏បានពិនិត្យនិងប្រគល់គម្រោងនេះទៅអាជ្ញាធរទីក្រុងហាណូយជាអ្នករ៉ាប់រង។

នៅអំឡុងពេលបើកដំណើរការ ១៥ ថ្ងៃដំបូង អ្នកដំណើរទាំងអស់នឹងមិនត្រូវបានគិតប្រាក់នោះទេ ប៉ុន្តែក្រោយពីពេលនោះទៅតម្លៃគឺ ១៥,០០០ ដុង ឬ ០.៦៥ ដុល្លារ សម្រាប់ការជិះមួយជើង។

គួរឱ្យដឹងដែរថា ក្នុងចំណោមខ្សែរថភ្លើងល្បឿនលឿនទាំង ៩ខ្សែ ដែលត្រូវបានសាងសង់ទៅទីក្រុងហាណូយ, មានមួយខ្សែមានប្រវែង ១៣.៥ គីឡូម៉ែត្រ ដោយរត់ពី Cat Linh ក្នុងស្រុក Ba Dinh ដល់ស្រុកជាយក្រុង Ha Dong។ វាត្រូវបានចំណាយថវិកាប្រមាណ ៨៦៨ លានដុល្លារ សម្រាប់ការសាងសង់ឡើង ហើយ ២/៣ នៃប្រាក់ទាំងនោះជាប្រាក់កម្ចីពីប្រទេសចិន។ ប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿននេះ ក៏មានខ្សែផ្លូវអាកាសមួយដែលមានប្រវែង ១៣ គីឡូម៉ែត្រ, ស្ថានីយចំនួន ១២, រថភ្លើងចំនួន ១៣ ហើយពួកវាមានល្បឿន ៨០ គីឡូម៉ែត្រ/ម៉ោង ខណៈដែលក្នុងមួយខ្សែរថភ្លើងគឺមាន ៤ទូ ដែលអាចដឹកមនុស្សបានរហូតដល់ ៩០០នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: