អន្តរជាតិ

តារាបង្ហាញម៉ូដដ៏ល្បីល្បាញគឺលោក Paing Takhon ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ខ្លួនដល់ក្នុងផ្ទះកាលពីព្រឹកមិញនេះ

BY
autoadmin
April 8, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា តារាបង្ហាញម៉ូដនិងជាតារាសម្តែងដ៏ល្បីល្បាញម្នាក់ គឺលោក Paing Takhon ត្រូវបានពួកយោធាមីយ៉ាន់ម៉ាចាប់ខ្លួននៅឯផ្ទះម្ដាយរបស់លោក បន្ទាប់ពីពួកយោធានាពេលថ្មីៗនេះបានផ្ដោតគោលដៅលើតារាសម្ដែង តារាចម្រៀង ឬជនល្បីឈ្មោះជាច្រើននាក់ ដែលហ៊ានចេញមុខប្រឆាំងនឹងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ។ លោក Paing Takhon គឺជាតារាដែលលេចមុខមាត់មួយរូប នៅក្នុងការប្រឆាំងជាមួយរបបយោធា មិនថាជាតាមបណ្ដាញសង្គម ឬទៅចូលរួមតវ៉ាដោយផ្ទាល់នោះទេ។

តាមការបង្ហោះក្នុងហ្វេសប៊ុកឈ្មោះ Thi Thi Lwin ដែលជាបងស្រីរបស់លោក Takhon បាននិយាយថា ទាហានប្រមាណ ៥០នាក់ និងរថយន្តយោធាចំនួន ៨គ្រឿង បានចូលមកចាប់ខ្លួនលោក Takhon នៅម៉ោងប្រហែល ០៥ និង ០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍។ អ្នកស្គាល់គ្នាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ BBC ថា គាត់ត្រូវយោធាចាប់ខ្លួននៅឯផ្ទះម្ដាយរបស់គាត់ នៅខាងជើងតំបន់ដាហ្គោន ដែលជាក្រុងមួយនៅក្នុងទីក្រុងយ៉ាំងហ្គោន។ គួរឱ្យដឹងដែរថា រហូតមកទល់ពេលនេះមានជនស៊ីវិលមិនក្រោម ៦០០នាក់ នោះទេដែលត្រូវបានសម្លាប់ នៅអំឡុងការបង្ក្រាបដ៏ឃោរឃៅរបស់ពួកយោធាមកលើអ្នកតវ៉ាដែលប្រឆាំងរដ្ឋប្រហារ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: