អន្តរជាតិ

អាមេរិកពិចារណានឹងបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅដើម្បីគាំទ្រអ៊ុយក្រែន ខណៈដែលរុស្ស៊ីបានបង្កើនវត្តមានយោធានៅជិនព្រំដែនរបស់អ៊ុយក្រែនផ្ទាល់

BY
autoadmin
April 9, 2021

សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូននាវាចម្បាំងចូលទៅកាន់សមុទ្រខ្មៅនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែន ចំពេលមានការកើនឡើងនូវវត្តមានយោធារបស់រុស្ស៊ីនៅតាមព្រំដែនភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ការពិតទៅកងទ័ពជើងទឹកអាមេរិកធ្វើប្រតិបត្តិការជាទៀងទាត់នៅសមុទ្រខ្មៅ ប៉ុន្តែមិនដែលដាក់ពង្រាយនាវាចម្បាំងនោះទេ ដូច្នេះដំណឹងនេះគឺជាសារជាក់លាក់មួយសម្រាប់ប្រទេសរុស្ស៊ី ដើម្បីឱ្យពួកគេដឹងថាសហរដ្ឋអាមេរិកកំពុងឃ្លាំមើលពួកគេយ៉ាងដិតដល់។ ម្យ៉ាងទៀតសហរដ្ឋអាមេរិកនឹងត្រូវជូនដំណឹងជាមុនរយៈពេល ១៤ថ្ងៃ អំពីចេតនារបស់ខ្លួនក្នុងការចូលទៅកាន់សមុទ្រខ្មៅ ប៉ុន្តែយ៉ាងណាគេមិនទាន់ច្បាស់ថា តើសេចក្តីជូនដំណឹងណាមួយត្រូវបានផ្ញើចេញនោះទេ។

មន្ត្រីរបស់ក្រសួងការពារជាតិអាមេរិកម្នាក់បាននិយាយថា កងទ័ពជើងទឹកអាមេរិកកំពុងឈ្លបយកការណ៍តាមដែនអាកាសអន្តរជាតិលើសមុទ្រខ្មៅ ដើម្បីតាមដានសកម្មភាពកងទ័ពជើងទឹករុស្ស៊ី និងរាល់ចលនាកងទ័ពនៅតំបន់គ្រីមៀ ហើយកាលពីថ្ងៃពុធ យន្តហោះទម្លាក់គ្រាប់បែក B-1 ចំនួន ២ គ្រឿងរបស់អាមេរិក ក៏បានធ្វើបេសកកម្មនៅលើសមុទ្រ Aegean ផងដែរ។ យ៉ាងណាបើទោះបីជាសហរដ្ឋអាមេរិកមិនបានមើលឃើញថា ការប្រមូលផ្តុំរបស់កងទ័ពរុស្ស៊ីកំពុងឈរជើងសម្រាប់សកម្មភាពវាយលុកក៏ដោយ ក៏មន្រ្តីការពារជាតិអាមេរិករូបនោះបានប្រាប់សារព័ត៌មាន CNN ថា៖«ប្រសិនបើមានអ្វីផ្លាស់ប្តូរយើងនឹងត្រៀមខ្លួនឆ្លើយតបវិញ»។ មន្ត្រីរូបនោះបាននិយាយថា ការគិតស្មានរបស់ភាគីអាមេរិកនាពេលបច្ចុប្បន្នគឺថា «រុស្ស៊ីកំពុងធ្វើការហ្វឹកហាត់និងសមយុទ្ធ» ហើយក្រុមស៊ើបការណ៍សម្ងាត់មិនបានឱ្យសញ្ញាពីបទបញ្ជាយោធាសម្រាប់សកម្មភាពបន្ថែមទៀតនោះទេ ប៉ុន្តែបានកត់សម្គាល់ថា ពួកគេនឹងប្រុងប្រយ័ត្នជាមុនចំពោះស្ថានការណ៍ដែលអាចនឹងប្រែប្រួលនាពេលខាងមុខ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: