ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបចូលទៅក្នុងគន្លងគោចរដោយជោគជ័យ ដើម្បីសិក្សាពីបរិស្ថានអវកាសរបស់ផែនដី
- BY
- autoadmin
- April 9, 2021
ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបចូលទៅក្នុងគន្លងគោចរនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ សម្រាប់ការសិក្សាពីបរិស្ថានអវកាស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ។ ផ្កាយរណបនេះត្រូវអមដោយរ៉ុក្កែត Long March-4B ហើយធ្វើដំណើរចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan នៅខេត្តសានស៊ីភាគខាងជើងប្រទេសចិន។ វាជាផ្កាយរណបស៊េរីទី៣ នៃម៉ូដែល Shiyan-6 ហើយត្រូវបានគេបាញ់បង្ហោះឡើងនៅវេលាម៉ោង ៧ និង ០១ នាទីព្រឹកថ្ងៃសុក្រនេះ។

រ៉ុក្កែត Long March-4B គឺជារ៉ុក្កែតបញ្ជូន (three-stage) ដែលបំពាក់ដោយឥន្ធនៈរាវក្រោមសីតុណ្ហភាពធម្មតា។ រ៉ុក្កែតនេះមានសមត្ថភាពក្នុងការបាញ់បង្ហោះផ្កាយរណបជាច្រើនប្រភេទទៅកាន់គន្លងផ្សេងៗគ្នា ហើយអាចបាញ់បង្ហោះផ្កាយរណបជាច្រើនក្នុងពេលតែមួយទៀតផង។ វាអាចផ្ទុកទម្ងន់បន្ទុកបានរហូតដល់ទៅ ២.៥ តោន ទៅកាន់គន្លងរាងជារង្វង់ដែលមានពន្លឺព្រះអាទិត្យ ហើយការបាញ់បង្ហោះនៅថ្ងៃសុក្រនេះ គឺជាការបាញ់បង្ហោះលើកទី៣៦៥ ដោយរ៉ុក្កែតប្រភេទ Long March ៕



អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






