ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋវ័យក្រោម៣០ឆ្នាំនៅចក្រភពអង់គ្លេស នឹងអាចទទួលបានជម្រើសផ្សេងក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សម្រាប់ការចាក់វ៉ាក់សាំងបង្ការពីជំងឺកូវីដ១៩របស់ពួកគេ

    BY autoadmin April 9, 2021
    ពលរដ្ឋវ័យក្រោម៣០ឆ្នាំនៅចក្រភពអង់គ្លេស នឹងអាចទទួលបានជម្រើសផ្សេងក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សម្រាប់ការចាក់វ៉ាក់សាំងបង្ការពីជំងឺកូវីដ១៩របស់ពួកគេ

    មន្ត្រីសុខាភិបាលនៅចក្រភពអង់គ្លេសបានសម្រេចថា ប្រជាជនដែលមានអាយុក្រោម ៣០ឆ្នាំ នឹងទទួលបាននូវជម្រើសផ្សេងជំនួសឱ្យវ៉ាក់សាំងរបស់ AstraZeneca ដោយសារមួយរយៈពេលកន្លងមកនេះ មានការរាយការណ៍ជាច្រើនទាក់ទងនឹងបញ្ហាឈាមកកចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួច នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការពិនិត្យឡើងវិញដោយនិយតករឱសថនៃចក្រភពអង់គ្លេស ដែលបានបង្ហាញថា ក្នុងចំណោមវ៉ាក់សាំងដែលបានចែកចាយរួចចំនួន ២០លានដូស គឺមានមនុស្សចំនួន ៧៩នាក់ បានរាយការណ៍ពីបញ្ហាឈាមកកក្រោយពេលចាក់វ៉ាក់សាំង ហើយ ១៩នាក់ ក្នុងចំណោមពួកគេក៏បានទទួលមរណភាពផងដែរ។

    ដូច្នេះបើតាមតួលេខទាំងនេះវាមានន័យថា ហានិភ័យឈាមកកគឺមាន ៤ ក្នុងចំណោម ១លានដូស ខណៈដែលហានិភ័យស្លាប់អាចមាន ១ ក្នុងចំណោម ១ លានដូស។

    យ៉ាងណាក៏ដោយភ្នាក់ងារវេជ្ជសាស្ត្រនិងផលិតផលថែរក្សាសុខភាពទទូចថា មិនទាន់មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងរួមគ្នារវាងសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca បានបណ្តាលឱ្យមានការកកឈាមនោះទេ ក៏ប៉ុន្តែតំណភ្ជាប់នៃបញ្ហានេះបានចាប់ផ្តើមមើលទៅដូចជាទំនងដែរ។ អង្គការសុខភាពពិភពលោកក៏បានពិពណ៌នាតំណភ្ជាប់នេះថា «អាចជឿទុកចិត្តបាន» ប៉ុន្តែនៅតែមិនទាន់មានការបញ្ជាក់ច្បាស់លាស់ ដោយសារថាបញ្ហាឈាមកកនេះគឺករណីកម្របំផុត ខណៈដែលអ្នកទទួលថ្នាំវ៉ាក់សាំង AstraZeneca មានជិត ២០០ លាននាក់ នៅទូទាំងពិភពលោកនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: