ភ្នំភ្លើងមួយរបស់ប្រទេសសាំងវីនសេនបានផ្ទុះឡើង ដែលធ្វើឱ្យមានផេះនិងផ្សែងបាញ់ពេញអាកាស ខណៈប្រជាជនត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែង
- BY
- autoadmin
- April 10, 2021
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ភ្នំភ្លើងមួយនៅឯប្រទេសសាំងវីនសេននៃតំបន់ការ៉ាប៊ីន បានផ្ទុះឡើងបាញ់ទៅដោយផេះនិងផ្សែង ដែលធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវបង្ខំចិត្តចេញពីផ្ទះរបស់ពួកគេ ដើម្បីរកកន្លែងដែលមានសុវត្ថិភាពជាបណ្ដោះអាសន្ន។ ភ្នំភ្លើងនោះមានឈ្មោះថា La Soufrière ដែលជាភ្នំភ្លើងគ្មានសកម្មភាពអស់រយៈពេលជាច្រើនទសវត្សមកហើយ ប៉ុន្តែទើបតែបានបង្ហាញសកម្មភាពវិញនៅអំឡុងខែធ្នូ ហើយមុនពេលមានការផ្ទុះនេះ វាបានធ្វើឱ្យមានរញ្ជួយដីជាច្រើនដងរួចមកហើយក្នុងសប្ដាហ៍នេះ។

ការពិតទៅរដ្ឋាភិបាលនៃប្រទេសលើកោះដ៏តូចមួយនេះ ក៏បានប្រកាសអាសន្នភ្លើងក្រហមជាមុនដល់ពលរដ្ឋរួចមកហើយ និងបានជម្លៀសពួកគេមួយចំនួនជាបណ្ដើរៗផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តី Ralph Gonsalves បានជំរុញឱ្យប្រជាជនជាង ១៦,០០០ នាក់ នៅក្នុងតំបន់ក្រហមត្រូវតែជម្លៀសចេញ។ ហើយចាប់តាំងពីពេលនោះមក ភ្នំភ្លើងនេះបានបង្កើតជាផេះដ៏ខ្មៅងងឹតដែលមានចម្ងាយ ៦ គីឡូម៉ែត្រ ទៅលើអាកាស។
យ៉ាងណាមិញគិតមកទល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ណាដែលបញ្ជាក់ពីការខូតខាតណាមួយនៅឡើយទេ។ ចំណែកការផ្ទុះចុងក្រោយបង្អស់របស់ La Soufrière គឺនៅឆ្នាំ១៩៧៩ ដែលកាលនោះវាបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាង ១០០ លានដុល្លារ ខណៈការផ្ទុះដ៏អាក្រក់បំផុតជាកំណត់ត្រាគឺនៅក្នុងឆ្នាំ១៩០២ ដែលបានសម្លាប់មនុស្សជាង ១,០០០ នាក់ ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






