អន្តរជាតិ

ក្រុមហ៊ុន Pfizer/BioNTech បានស្នើសុំ FDA អាមេរិក ឱ្យមានការពង្រីកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលពួកគេបង្កើតឡើង ចំពោះក្មេងដែលមានអាយុពី ១២-១៥ឆ្នាំ

BY
autoadmin
April 10, 2021

ក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech បាននិយាយថា ពួកគេបានស្នើសុំរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) ដើម្បីពង្រីកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេ ចំពោះក្មេងជំទង់ដែលមានអាយុពី ១២ ទៅ ១៥ឆ្នាំ សម្រាប់ការប្រើប្រាស់ក្នុងគ្រាបន្ទាន់។ រំលឹកផងដែរថា កាលពីចុងខែមីនាកន្លងទៅនេះ ក្រុមហ៊ុនបានផ្សព្វផ្សាយអំពីលទ្ធផលនៃការសាកល្បងរបស់ខ្លួន ដែលបានបង្ហាញថា «វ៉ាក់សាំងគឺមានប្រសិទ្ធភាពឆ្លើយតបនឹងអង់ទីករបានល្អ» ដោយមានការចូលរួមពីមនុស្សវ័យជំទង់ចំនួន ២,២៦០នាក់ នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនក៏បាននិយាយដែរថា វ៉ាក់សាំងនេះគឺមិនមានការធ្វើទុក្ខច្រើននោះទេ នៅក្នុងចំណោមមនុស្សវ័យ ១៦ ទៅ ២៥ឆ្នាំ ដែលពួកគេបានសាកល្បងកន្លងមក។ យ៉ាងណាក៏ដោយ សំណួរថាតើវ៉ាក់សាំងបង្ការជំងឺ COVID-19 មានប្រសិទ្ធភាព និងមានសុវត្ថិភាពក្នុងការប្រើប្រាស់លើកុមារ គឺជាសំណួរដ៏ធំមួយដែលអ្នកផលិតឱសថព្យាយាមរកចម្លើយនៅឡើយ។

យោងតាមអ្នកជំនាញបានឱ្យដឹងថា ការចាក់ថ្នាំបង្ការឱ្យកុមារនិងមនុស្សវ័យក្មេងត្រូវបានគេចាត់ទុកថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរក «ភាពស៉ាំជាចង្កោម» ។ ឥឡូវនេះក្រុមហ៊ុនគ្រោងនឹងស្នើសុំវិធានស្រដៀងគ្នានេះទៅកាន់អាជ្ញាធរត្រួតពិនិត្យផ្សេងទៀតនៅទូទាំងពិភពលោកនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ជម្រាបដែរថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech សព្វថ្ងៃអាប្រើប្រាស់បានសម្រាប់មនុស្សមានវ័យលើសពី ១៦ ឆ្នាំប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: