ទុក្ខជាន់ទុក្ខ! រឿងកូវីដដោះស្រាយមិនទាន់ចប់ផង ឥលូវឥណ្ឌូនេស៊ីមកជួបគ្រោះរញ្ជួយដីទៀត ឆក់យកជីវិតមនុស្ស ៨នាក់ និងរបួសជាច្រើននាក់
- BY
- autoadmin
- April 12, 2021
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press កាលពីថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា មានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារលើកោះចាវ៉ារបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានសម្លាប់មនុស្ស ៨នាក់ និងបានបំផ្លាញអគារជាង ១,៣០០ ខ្នង ប៉ុន្តែយ៉ាងណាវាមិនបង្កជារលកយក្សស៊ូណាមីនោះទេ។ ភ្នាក់ងារភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកបាននិយាយថា ការរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូងនៅថ្ងៃសៅរ៍ ម៉ោង ២រសៀល (GMT) ដោយបានស្ថិតនៅចំងាយ ៤៥ គីឡូម៉ែត្រ ខាងត្បូងទីក្រុង Sumberpucung នៃស្រុក Malang ក្នុងខេត្តចាវ៉ាខាងកើត ចេញពីជម្រៅ ៨២ គីឡូម៉ែត្រ (៥១ ម៉ាយ) ។

លោក Rahmat Triyono ប្រធានមជ្ឈមណ្ឌលរញ្ជួយ និងរលកយក្សស៊ូណាមីនៅឥណ្ឌូនេស៊ីបាននិយាយថា ការរញ្ជួយដីនេះមិនបង្កឱ្យមានរលកយក្សស៊ូណាមិទេ តែលោកបានជំរុញឱ្យប្រជាជននៅឆ្ងាយពីជម្រាលដី ឬផ្ទាំងថ្ម ដែលវាអាចមានសក្តានុពលនៃការបាក់ចុះនៅពេលមានការរញ្ជួយច្រើនជាងនេះ។ ជម្រាបដែរថា នេះជាគ្រោះមហន្តរាយទី២ ដែលវាយប្រហារប្រទេសឥណ្ឌូណេស៊ីក្នុងសប្តាហ៍នេះ បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិក Seroja ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧៤ នាក់ និង ៤៨ នាក់ ទៀតកំពុងបាត់ខ្លួននៅឡើយ នៅឯខេត្ត East Nusa Tenggara ៕



អត្ថបទ៖ លីដា
ប្រភព៖ Associated Press
- Share This Post:






