ក្រុមហ៊ុនយក្ស Alibaba ត្រូវបាននិយតករចិនពិន័យជាប្រាក់ជិត ៣ពាន់លានដុល្លារ ដោយសារការរកស៊ីផ្ដាច់មុខដែលរំលោភលើការប្រកួតប្រជែងក្នុងទីផ្សារ
- BY
- autoadmin
- April 12, 2021
ក្រុមហ៊ុនបច្ចេកវិទ្យាចិន Alibaba បាននិយាយនៅថ្ងៃច័ន្ទនេះថា ខ្លួនបានទទួលយកការពិន័យជាប្រាក់ចំនួន ២.៨ ពាន់លានដុល្លារ បន្ទាប់ពីការស៊ើបអង្កេតមួយបានបង្ហាញថា ក្រុមហ៊ុនយក្សរបស់ប្រទេសចិនមួយនេះ បានរំលោភលើទីផ្សារប្រកួតប្រជែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺក្រុមហ៊ុនរកស៊ីដោយការផ្ដាច់មុខ។ អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba Group លោក Joe Tsai បាននិយាយថា និយតកររបស់ប្រទេសចិនឥឡូវនេះបានផ្ដោតគោលដៅមកលើវេទិកាដូចជាក្រុមហ៊ុន Alibaba ជាដើម ដោយសារតែវេទិកាបែបនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ច្រើន។

លោក Joe Tsai បានប្រាប់ទៅកាន់វិនិយោគិនរបស់គាត់នៅថ្ងៃច័ន្ទនេះថា៖«យើងសប្បាយចិត្តដែលអាចដោះស្រាយបញ្ហានេះបាន ប៉ុន្តែបើបែបនេះគឺថានិយតករនឹងយកចិត្តទុកដាក់ក្នុងវិស័យមួយចំនួន ដែលអ្នកប្រឈមនឹងការប្រកួតប្រជែងដោយអយុត្តិធម៌»។ ក្រុមហ៊ុនបានបន្ថែមទៀតថា ខ្លួនមិនបានដឹងអំពីការស៊ើបអង្កេតប្រឆាំងនឹងភាពផ្តាច់មុខណាមួយបន្ថែមទៀតទេពេលនេះ បើទោះបីជារបាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Alibaba និងដៃគូប្រកួតប្រជែងរបស់ខ្លួន នឹងស្ថិតក្រោមការត្រួតពិនិត្យនៅក្នុងប្រទេសចិន ជុំវិញការច្របាច់បញ្ចូលគ្នា និងការទិញយកផ្ដាច់មុខក៏ដោយ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






