ចំនួនបាតុករមីយ៉ាន់ម៉ាដែលត្រូវបានគេសម្លាប់ នៅអំឡុងបាតុកម្មប្រឆាំងពួកយោធាបានកើនដល់ ៧១០ នាក់ហើយ
- BY
- autoadmin
- April 13, 2021
ក្រុមសកម្មជនសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារបានកើនឡើងជាបន្ដបន្ទាប់ ខណៈដែលយោធារបស់ប្រទេសនេះនៅតែបន្តការបង្ក្រាបដោយហិង្សាទៅលើពលរដ្ឋ។ ចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកទល់ពេលនេះ គឺមានពលរដ្ឋប្រមាណជា ៧១០នាក់ ត្រូវបានគេសម្លាប់ ហើយក្នុងនោះក៏មានកុមារ ៥០ នាក់ផងដែរ។ ពោលគឺការតវ៉ានៅតែបន្តនៅតាមទីប្រជុំជន រួមមានទីក្រុង Mandalay និងទីក្រុង Dawei ភាគខាងត្បូង ទោះបីចាប់ជាប្រទេសនេះនឹងត្រូវឈប់សម្រាក ១សប្ដាហ៍ ដើម្បីអបអរឆ្នាំថ្មីក៏ដោយ។

នាពេលថ្មីៗនេះក៏មានក្មេងអាយុ ៧ ឆ្នាំម្នាក់ ត្រូវបានគេបាញ់សម្លាប់នៅតំបន់ភាគពាយព្យនៃខេត្ត Sagaing ដែលនេះវាបានបង្ហាញថា ពួកយោធាបានប្រើកម្លាំងដ៏ឃោរឃៅរបស់ពួកគេដោយមិនរើសមុខនោះទេ។ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហើបឱ្យដឹងថា ឥឡូវនេះលោកស្រីកំពុងប្រឈមនឹងការចោទប្រកាន់ថ្មីមួយពីបទរំលោភលើច្បាប់ប្រឆាំងនឹងជំងឺឆ្លង COVID-19 នេះមានន័យថា គាត់ត្រូវបានគេចោទប្រកាន់នៅក្នុងករណីសរុបចំនួន ៦ ដាច់ដោយឡែកពីគ្នា ដែលវាបញ្ជាក់យ៉ាងច្បាស់ថា ពួកយោធាព្យាយាមប្រើគ្រប់ការចោទប្រកាន់ទាំងគ្មានភ័ស្ដុតាង ដើម្បីឱ្យលោកស្រីមិនអាចត្រឡប់មករកឆាកនរយោបាយវិញបាន៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






