អន្តរជាតិ

នូវែលហ្សេឡង់ក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលតម្រូវឱ្យក្រុមហ៊ុនហិរញ្ញវត្ថុ ត្រូវរាយការណ៍អំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុមកលើអាជីវកម្មរបស់ពួកគេ

BY
autoadmin
April 13, 2021

លោក James Shaw រដ្ឋមន្រ្តីក្រសួងបម្រែបម្រួលអាកាសធាតុនៃប្រទេសនូវែលហ្សេឡង់ នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ បាននិយាយថា ប្រទេសនូវែលហ្សេឡង់បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានដាក់ចេញនូវច្បាប់មួយដែលនឹងតម្រូវឱ្យធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកគ្រប់គ្រងការវិនិយោគ ត្រូវតែរាយការណ៍អំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុមកលើអាជីវកម្មរបស់ពួកគេ។ ក្រុមហ៊ុនហិរញ្ញវត្ថុទាំងនេះនឹងត្រូវរាយការណ៍អំពីបញ្ហាទាក់ទងនឹងអាកាសធាតុ ដើម្បីឱ្យរដ្ឋាភិបាលអាចធ្វើការសិក្សាលើបញ្ហាទាំងនោះ ឈានទៅរកភាពគ្មានការបំភាយកាបូននៅពេលអនាគត។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងមិនអាចឈានទៅរកការបំភាយកាបូនត្រឹមសូន្យនៅឆ្នាំ២០៥០ បាននោះទេ ទាល់តែវិស័យហិរញ្ញវត្ថុដឹងថាតើការវិនិយោគរបស់ពួកគេមានឥទ្ធិពលយ៉ាងដូចម្តេចចំពោះអាកាសធាតុ»។ លោកបានបន្ថែមថា ច្បាប់នេះនឹងធ្វើឱ្យក្រុមហ៊ុនហិរញ្ញវត្ថុនិងអាជីវកម្មយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះ ហានិភ័យ និងការងើបឡើងវិញរបស់អាកាសធាតុ។ ច្បាប់នេះនឹងតម្រូវឱ្យក្រុមហ៊ុនហិរញ្ញវត្ថុពន្យល់ពីរបៀបដែលពួកគេអាចគ្រប់គ្រងហានិភ័យ និងឱកាសណាមួយ ដែលទាក់ទងនឹងអាកាសធាតុ។

ជាក់ស្ដែងក្រុមហ៊ុនធំៗប្រហែល ២០០ ក្នុងចំណោមក្រុមហ៊ុនធំៗនៅក្នុងប្រទេសនេះ និងក្រុមហ៊ុនបរទេសមួយចំនួនដែលមានទ្រព្យសម្បតិ៍ ១ ពាន់លានដុល្លារនូវែលហ្សេឡង់ ឬ ៧០៣ លានដុល្លារអាមេរិក នឹងត្រូវស្ថិតនៅក្រោមច្បាប់នេះទាំងអស់។ ចំណែកការបង្ហាញព័ត៌មានដំបូងរបស់ក្រុមហ៊ុនដែលនៅក្រោមច្បាប់នេះ នឹងត្រូវចាប់ធ្វើឡើងនៅឆ្នាំ២០២៣ ហើយអ្នកដែលមិនបានរាយការណ៍នឹងត្រូវប្រឈមនឹងការពន្យល់ពីមូលហេតុដែលពួកគេមិនបានចូលរួមជាមួយច្បាប់នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: