ការសិក្សារបស់អ៊ីស្រាអែលបង្ហាញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer/BioNTech មិនសូវមានប្រសិទ្ធភាពពេញលេញប្រឆាំងជំងឺកូវីដ១៩ ដែលបំលែងខ្លួននៅអង់គ្លេស និងអាហ្វ្រិកខាងត្បូងទេ
- BY
- autoadmin
- April 13, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានរាយការណ៍ថា វ៉ាកសាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer/BioNTech មិនសូវមានប្រសិទ្ធភាពពេញលេញប្រឆាំងជាមួយជំងឺ COVID-19 ដែលបំលែងខ្លួននៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូងបានទេ នេះបើតាមការសិក្សារបស់សាកលវិទ្យាល័យ Tel Aviv និងសេវាកម្មសុខភាព Clalit នៃប្រទេសអ៊ីស្រាអែល។ ការសិក្សារួមគ្នានេះបានតាមដានមនុស្សជិត ៤០០នាក់ ដោយធ្វើការប្រៀបធៀបជំងឺ COVID-19 បំលែងខ្លួនទាំង ២ប្រភេទ រវាងអ្នកធ្លាប់វិជ្ជមានជាមួយជំងឺ និងអ្នកដែលបានចាក់វ៉ាក់សាំងខ្លះៗ (មួយដូស) និងចាក់វ៉ាក់សាំងបានគ្រប់ចំនួន ២ដូស ផ្សេងៗពីគ្នា។

ការសិក្សាបានរកឃើញថា ជំងឺ COVID-19 បំលែងខ្លួននៅអាហ្វ្រិកខាងត្បូង ឬ B.1.35 នៅតែអាចចម្លងបានច្រើនជាង ៨ដង នៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងរួច (២ដូស) ខណៈដែលជំងឺ COVID-19 បំលែងខ្លួននៅចក្រភពអង់គ្លេស ឬ B.1.1.7 មានការចម្លងលឿនជាធម្មតា ចំពោះអ្នកដែលចាក់វ៉ាក់សាំងមិនទាន់គ្រប់ (១ដូស) ប៉ុន្តែសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនទាំង ២ដូស គឺត្រូវបានការពារពីការឆ្លងជំងឺ COVID-19 ប្រភេទ B.1.1.7 នេះ ។ ដូច្នេះវាមានន័យថា វ៉ាក់សាំងរបស់ Pfizer មិនមានប្រសិទ្ធភាពជាមួយជំងឺ COVID-19 មកពីអាហ្វ្រិកខាងត្បូងនោះទេ ទោះបីជាចាក់វ៉ាក់សាំងបានគ្រប់ចំនួនក៏ដោយ។
យ៉ាងណាក៏ដោយក្រុមអ្នកស្រាវជ្រាវមិនអាចវាយតម្លៃលទ្ធផលនេះជារួមបានទេ ដោយសារតែការសិក្សានេះគឺផ្ដោតលើអ្នកជំងឺ COVID-19 បំលែងខ្លួនទាំង ២ប្រភេទ នៅអ៊ីស្រាអែលផ្ទាល់ ហើយមិនមែនជាការសិក្សាលើអ្នកជំងឺ COVID-19 ទាំងអស់នោះទេ។ ម្យ៉ាងទៀត ៨០% នៃពលរដ្ឋអ៊ីស្រាអែលបានទទួលវ៉ាក់សាំងរួចរាល់ហើយ ខណៈដែល ៥៣% នៃចំនួនពលរដ្ឋសរុបរបស់ប្រទែសនេះ គឺសុទ្ធតែបានទទួលវ៉ាក់សាំង Pfizer គ្រប់ចំនួនទាំង ២ លើក ដូច្នេះការឆ្លងរាលដាលត្រូវបានបង្ការទាន់ពេល ហើយមានតែ ១% នៃចំនួនករណីជំងឺ COVID-19 សរុបរបស់ប្រទេសនេះគឺជាជំងឺ COVID-19 ប្រភេទមកពីអាហ្វ្រិកខាងត្បូង៕


អត្ថបទ៖ លីដា
ប្រភព៖ Business Insider
- Share This Post:






