អន្តរជាតិ

ថៃនឹងផ្ដល់ជូនឧបករណ៍តេស្ដរកជំងឺកូវីដ១៩ មិនគិតថ្លៃដល់ពលរដ្ឋដែលមានហានិភ័យខ្ពស់ ដោយចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមេសា តទៅ

BY
autoadmin
April 13, 2021

ក្រសួងការងាររបស់ប្រទេសថៃនឹងផ្តល់ឧបករណ៍ធ្វើតេស្តជំងឺ COVID-19 ដោយឥតគិតថ្លៃ ជូនដល់សមាជិកការងារដែលស្ថិតនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ពីការឆ្លងនៃជំងឺ COVID-19 នៅក្រោមគ្រោងការណ៍សន្តិសុខសង្គមរបស់ខ្លួន ដោយយោងទៅតាមមាត្រាទី៣៣ ៣៩ និង ៤០ នៃច្បាប់ការងាររបស់ប្រទេសថៃ។ មាត្រាទី៣៣ និង៣៩ មានន័យថា រដ្ឋាភិបាលនឹងធ្វើការរ៉ាប់រងថ្លៃចំណាយលើឧបករណ៍តេស្ដរកជំងឺ COVID-19 ចំពោះបុគ្គលិក ឬ អតីតបុគ្គលិកការងារដែលមានហានិភ័យខ្ពស់ ខណៈដែលមាត្រាទី៤០ មានន័យថា ពលរដ្ឋដែលប្រកបអាជីវកម្មដោយខ្លួនឯង ក៏នឹងត្រូវបានផ្ដល់ជូនការយកចិត្តទុកដាក់នេះដូចគ្នា ពោលគឺអ្នកដែលងាយនឹងឆ្លងជំងឺ COVID-19 ត្រូវបានផ្ដល់អាទិភាពទទួលបានឧបករណ៍នេះដោយឥតគិតថ្លៃ។ កម្មវិធីនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅឯមជ្ឈមណ្ឌលយុវជនទីក្រុងបាងកក (ជប៉ុន-ថៃ) ក្នុងសង្កាត់ Din Daeng ។

លោក Suchart Chomklin រដ្ឋមន្រ្តីក្រសួងការងារបានមានប្រសាសន៍ថា៖«យើងរំពឹងថានឹងផ្តល់ការធ្វើតេស្តដល់មនុស្សចំនួន ៣០០ នាក់ ក្នុងមួយម៉ោង ខណៈដែលលទ្ធផលតេស្តនឹងទទួលបានក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោង» ហើយគ្រោងការនេះគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងតំបន់ទីក្រុងបាងកក ជាពិសេសក្នុងចំណោមអ្នកដែលទើបតែវិលត្រឡប់ពីស្រុកកំណើតរបស់ពួកគេក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ។ លោក Suchart Chomklin បានបន្ថែមថា ប្រសិនបើសមាជិកការងារណាដែលមានអាការមិនស្រួលឬឆ្លងជំងឺ COVID-19 ពួកគេនឹងទទួលការព្យាបាលដោយមិនគិតថ្លៃនៅក្រោមគ្រោងការណ៍សន្តិសុខសង្គមមួយនេះ ហើយបច្ចុប្បន្នក៏មានមន្ទីរពេទ្យចំនួន ៨១ រួចមកហើយ ដែលបានចូលរួមកិច្ចខិតខំប្រឹងប្រែងនេះជាមួយក្រសួងការងារ បូករួមជាមួយគ្រែប្រមាណជា ១,០០០ សម្រាប់ទទួលអ្នកជំងឺ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: