អង្គការសុខភាពពិភពលោកអំពាវនាវឱ្យមានការហាមឃាត់ ចំពោះការលក់សត្វព្រៃនៅក្នុងទីផ្សារអាហារ ដើម្បីការពារកុំអោយមានការផ្ទុះមេរោគផ្សេងទៀត
- BY
- autoadmin
- April 13, 2021
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ នេះបានអំពាវនាវឱ្យមានការបញ្ឈប់ការលក់សត្វព្រៃទាំងរស់នៅក្នុងទីផ្សារចំណីអាហារ ដើម្បីការពារការកើតមានឡើងនូវជំងឺថ្មីៗផ្សេងទៀត។ WHO បាននិយាយថា ខណៈដែលទីផ្សារបែបប្រពៃណីបែបនេះ បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ស្បៀងអាហារ និងជីវភាពរស់នៅរបស់ប្រជាជនជាច្រើន ដូច្នេះការហាមឃាត់ការលក់សត្វព្រៃអាចជួយការពារសុខភាពរបស់កម្មករផ្សារ និងអ្នកដើរផ្សារដូចគ្នា។ WHO បានបន្ថែមថា ករណីនៃ COVID-19 កាលពីពេលផ្ទុះឡើងដំបូង គឺមានទំនាក់ទំនងទៅនឹងទីផ្សារលក់ដុំអាហារបែបនេះនៅឯក្រុងវូហានក្នុងប្រទេសចិន ដែលភាគច្រើនអ្នកជំងឺ COVID-19 ជាម្ចាស់តូប និយោជិកទីផ្សារ ឬភ្ញៀវបានមកផ្សារជាទៀងទាត់។

ការណែនាំបណ្តោះអាសន្ននេះត្រូវបានជម្រាបជូនឡើង ស្របជាមួយអង្គការពិភពលោកសម្រាប់សុខភាពសត្វ និងកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ។
WHO បាននិយាយថា៖«សេចក្តីណែនាំនេះជាវិធានការណ៍បន្ទាន់ ដើម្បីអំពាវនាវឱ្យប្រទេសនានាបញ្ឈប់ការលក់សត្វព្រៃដែលគេចាប់បាន នៅក្នុងទីផ្សារចំណីអាហារ។ សត្វ ជាពិសេសសត្វព្រៃ គឺជាប្រភពនៃការចម្លងជំងឺដែលកំពុងលេចចេញថ្មីៗនៅក្នុងខ្លួនមនុស្សជាង ៧០% ដែលភាគច្រើនបណ្តាលមកពីវីរុសដែលមិនធ្លាប់ត្រូវបានគេស្គាល់ពីមុន (novel viruses)»។ ហានិភ័យជាពិសេសគឺសត្វព្រៃ នៅពេលដែលកម្មករផ្សារសម្លាប់សត្វទាំងនោះ ហើយអាជីវករលក់សត្វទាំងនោះបន្ដទៀតទៅឱ្យអ្នកទិញ វាជាមធ្យោបាយដែលធ្វើឱ្យមានការចម្លងជំងឺពីសត្វមកមនុស្សបានយ៉ាងងាយស្រួល។ ដូច្នេះហើយ WHO អំពាវនាវមិនឱ្យមានការលក់ដូរសត្វប្រភេទនោះទេ លុះត្រាតែពួកគេមានការអនុវត្តអនាម័យ និងមានការប្រុងប្រយ័ត្នឱ្យបានត្រឹមត្រូវ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






