អង់គ្លេសចាប់ផ្តើមសិក្សាសាកល្បងដើម្បីដឹងថា តើអ្នកធ្លាប់កើតជំងឺកូវីដ១៩ ហើយពួកគេអាចកើតជំងឺនេះវិញម្ដងទៀតឬទេ?
- BY
- autoadmin
- April 19, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ចក្រភពអង់គ្លេសបានបើកការសាកល្បងមួយ ដែលនឹងរកឱ្យឃើញថា តើអ្នកធ្លាប់កើតជំងឺ COVID-19 ម្ដងរួចមកហើយនោះ អាចនឹងកើតជំងឺនេះសារឡើងវិញដែរឬទេ។ ពោលគឺអ្នកចូលរួមដែលធ្លាប់មានជំងឺ COVID-19 ម្ដងរួចហើយនោះ នឹងត្រូវទៅប៉ះពាល់ជាមួយនឹងបរិស្ថានដែលមានជំងឺ COVID-19 ដើម្បីធ្វើការពិសោធន៍ថា ពួកគេនឹងអាចឆ្លងជំងឺនេះម្ដងទៀតឬទេ។ រំលឹកដែរថាកាលពីខែកុម្ភៈកន្លងទៅ អង់គ្លេសក៏បានក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោក ដែលបានធ្វើការសាកល្បងឱ្យអ្នកស្ម័គ្រចិត្តទៅប៉ះពាល់នឹងតំបន់ដែលមានជំងឺ COVID-19 ដើម្បីជំរុញការស្រាវជ្រាវអំពីជំងឺរាតត្បាតមួយនេះផងដែរ។

ការសិក្សាដែលចាប់ផ្ដើមនៅថ្ងៃច័ន្ទនេះផ្ទាល់ក៏ស្រដៀងនឹងការសិក្សាកាលពីខែកុម្ភៈដែរ ប៉ុន្តែខុសត្រង់ថា ម្ដងនេះពួកគេសាកល្បងចំពោះអ្នកដែលធ្លាប់មានជំងឺ COVID-19 ហើយនឹងត្រូវសិក្សាថា តើជំងឺនេះពិតជាអាចកើតឡើងម្ដងទៀតចំពោះអ្នកដែលធ្លាប់ឆ្លងវាម្ដងរួចមកហើយនោះទេ? ដូចយើងដឹងហើយថា ជាធម្មតានៅពេលដែលយើងឆ្លងជំងឺ COVID-19 ហើយនៅពេលដែលយើងជាសះស្បើយពីវាវិញ យើងនឹងមានភាពស៊ាំការពារខ្លួនពីជំងឺនោះវិញបាន។ ការសិក្សានេះនឹងសង្កត់ធ្ងន់ថា អ្នកធ្លាប់កើតជំងឺ COVID-19 អាចនឹងកើតជំងឺនេះវិញឬទេ ដូច្នេះវានឹងជួយឱ្យអ្នកវិទ្យាសាស្ដ្រយល់ពីការឆ្លើយតបរបស់ភាពស៊ាំ ជួយដល់ការបង្កើតវ៉ាក់សាំងនាពេលអនាគត ដឹងពីរយៈពេលដែលភាពស៊ាំអាចនៅក្នុងខ្លួនបានយូរប៉ុនណា និងការសិក្សាផ្សេងៗទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






